សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០–

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្ពុជា រយៈពេល៥ថ្ងៃ ពីថ្ងៃទី០៥ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានសិក្ខាកាមចំនួន៣០នាក់មកពី២៤រាជធានី-ខេត្ត ដើម្បីឱ្យទទួលបាននូវចំណេះដឹងបន្ថែមពីគ្រូបង្វឹកកីឡាអុកចត្រង្គថ្នាក់ជាតិ។

លោក សារី វាសនា អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលបញ្ជាក់ថា វគ្គសិក្សានេះទទួលបានការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ ដឹកនាំបង្ហាត់ដោយលោក ហូយ សូណា ជាគ្រូឧទ្ទេស និងលោក យិន គាសេង ជាគ្រូជំនួយ និងលោក ទុយ វិច្ឆិកា ជាអ្នកគ្រប់គ្រង។ រយៈពេល០៥ថ្ងៃនេះ អ្នកជំនាញកីឡាអុកចត្រង្គនឹងចែករំលែកអំពីបុគ្គលលក្ខណៈជាគ្រូបង្វឹក លក្ខខណ្ឌនៃការលេងអុក ក្បួនច្បាប់ និងយុទ្ធសាស្រ្តនៃការលេងអុក ចែករំលែកបទពិសោធន៍នៃការលេងអុក ការគ្រប់គ្រង និងការចល័តកូនអុក វិន័យ និងការទទួលខុសត្រូវរបស់គ្រូ គរុកោសល្យរបស់គ្រូ ការស្រាវជ្រាវ និងការអភិវឌ្ឍ ការលើកទឹកចិត្ត ផែនការបង្រៀន និងការពិនិត្យតាមដានជាដើម។

សូមបញ្ជាក់ថា នៅក្នុងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីការអភិវឌ្ឍវិស័យកីឡានៅកម្ពុជឱ្យកាន់តែរីកចម្រើន ជាពិសេសគឺគោលដៅឆ្ពោះទៅទទួលបានជោគជ័យនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រសួងអប់រំបានផ្តល់ថវិកាគំាទ្រទាំងស្រុងជូនដល់សហព័ន្ធកីឡាជាតិនានា ដោយនៅក្នុងកញ្ចប់ទឹកប្រាក់១០០ភាគរយ គឺប្រើប្រាស់សម្រាប់ការប្រកួតជើងឯក ៤៥ភាគរយ, វគ្គបណ្តុះបណ្តាល ៣៥ភាគរយ និងផ្នែករដ្ឋបាល ២០ភាគរយ៕ ដោយហេង ណាលីន