អភិបាលខេត្តបាត់ដំបង ដឹកនាំយុទ្ធនាការសម្អាតអនាម័យ ក្នុងក្រុងបាត់ដំបង ទិវាពិភពលោកស្អាតលើកទី៣

AKP បាត់ដំបង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទទី០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីរាជការ កងម្លាំង សិស្សនិស្សិត ចូលរួមយុទ្ធនាការសម្អាតអនាម័យបរិ ស្ថាន ក្នុងក្រុងបាត់ដំបង នាឱកាសទិវាពិភពលោកស្អាត លើកទី៣ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត ជាច្រើននាក់ផងដែរ។

សូមជម្រាបជូនដែរថា រដ្ឋបាលខេត្តបាត់ដំបង ក៏បានជូនដំណឹងបំផុសឱ្យមានការចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត ព្រះចៅអធិការគ្រប់វត្តអារាម រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គណៈកម្មការផ្សារ សមាគម អង្គការស៊ីវិល ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យចូលរួមក្នុងយុទ្ធនាការស្អាតអនាម័យបរិស្ថាន ដើម្បីអបអរ “ទិវាពិភពលោកស្អាត លើកទី៣” និង”ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០” ផងដែរ។

ឆ្លៀតក្នុងឱកាសទិវាពិភពលោកស្អាត លើកទី៣ នោះដែរ ឯកឧត្តម ងួន រតនៈ អភិ បាលខេត្តបាត់ដំបង បានអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ »៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)