ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តការតាមដាន និងត្រួតពិនិត្យក្លឹបកម្សាន្ត ដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចតាម បណ្ដាខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ បន្តការតាមដាន និងត្រួតពិនិត្យទៅលើក្លឹប កម្សាន្តនិងខារ៉ាអូខេ ដែលលួចលាក់បន្ដបើកអាជីវកម្ម ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩  ខណៈដែលជំងឺនេះបាន និងកំពុងរីករាលដាលនៅឡើយ បើទោះបីប្រទេស កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩នេះក៏ដោយ។

ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការ គ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅ រាជធានីភ្នំពេញក្រោមកិច្ចសហការក្នុងភាពជាដៃគូ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF (អាអ៊ីអឹមអេហ្វ) កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០  នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមបានមានប្រសាសន៍ថា យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេច យើងទេ។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវបន្តការផ្សព្វផ្សាយឱ្យបងប្អូន ប្រជា ពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺ-១៩នេះ និងបន្តតាមដាននៅក្នុងមូលដ្ឋាន របស់ខ្លួន ពាក់ព័ន្ធនឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលអាចធ្វើឱ្យរីក រាលដាលនៃជំងឺកូវីដ-១៩នេះ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ថា ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើកិច្ចការបង្ការ និងទប់ស្កាត់ការ រាលដាលនៃវីរុស covid-19 នៅក្នុងខណ្ឌ សង្កាត់ និយាយដោយឡែក និងនិយាយជារួមដើម្បី ឈានទៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងភាព ជាដៃគូរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតីនៃឯកសារ វិសោធនកម្មលេខ២ ស្តីពីការត្រៀមបង្ការចំពោះស្ថានភាពបន្ទាន់ គំនិតផ្តូចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ covid-19 បាន និងកំពុងរីករាលដាលនៅ ក្នុងបណ្ដាលប្រទេសនិងដែនដីចំនួនជាង២១០ទូទាំងពិភពលោក ហើយបញ្ហានេះត្រូវបាន អង្គការសុខភាពពិភពលោក WHO ប្រកាសថា ជាជំងឺរាតត្បាតសកល និងជាកង្វល់ថ្មីរបស់មនុស្សជាតិ គ្រប់ជាតិសាសន៍ ដែលចាំបាច់ត្រូវរួមគ្នាទប់ស្កាត់វិធាន ការបង្ការ ទប់ស្កាត់និងផ្តល់ការសង្គ្រោះឱ្យបានទាន់ពេលវេលា ។

សម្រាប់ប្រទេសកម្ពុជាយើង ក៏មិនអាចគេចផុតពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ នេះ ដែរ បើទោះបី មកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាមិនទាន់មាននរណាម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិតនៅឡើយក្តី។ ប៉ុន្តែ ជំងឺនេះបានធ្វើឱ្យមានផលប៉ះពាល់លើវិស័យជាច្រើន ពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។

ឯកឧត្តមបានបញ្ជាក់ទៀតថា សម្រាប់ការរៀបចំសិក្ខាសាលាក្នុងពេលនេះគឺជាផ្នែក មួយនៃការអនុវត្តន៍គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះស្ថានភាពបន្ទាន់ ក្នុងនោះ រយៈពេលកន្លងមកក្រុមការងារអនុវត្តន៍គម្រោងនៃសមាគមAIMFសហការជាមួយនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបើកវគ្គបណ្ដុះបណ្ដាលចំនួន០៩លើករួចមកហើយ ដោយផ្ដោត សំខាន់លើស្ថានភាពទូទៅជំងឺកូវីដ-១៩  វិធានការការពារការចម្លងរោគ ការប្រើប្រាស់ សម្ភារការពារខ្លួន ការប្រមូលវេចខ្ចប់ និងការដឹកជញ្ជូនសំណាករបស់អ្នកជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា អង្គសិក្ខាសាលានេះនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ ហើយនៅ ក្នុងពិធីនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រគល់បរិក្ខារពេទ្យសម្រាប់ការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ជូនដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់បន្តគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ៕

ដោយ សួស សំរិត