សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០–

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃ៣រោច ខែអសហសុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃចន្ទទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦។

សម័យប្រជុំនេះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦នេះផងដែរ។

បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេបស្តីពី សកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦ សមាជិក សមាជិការដ្ឋសភាចំនួន ១១៧រូប ក្នុងសម័យប្រជុំនឹងបន្តពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់មួយចំនួនជាបន្តបន្ទាប់ ។ ក្នុងនោះ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល ប្រទេសនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចពន្ធ និងការចៀសវាងពន្ធ។ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចពន្ធ និងការចៀសវាងពន្ធ។

ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស៊្សី។ ការ ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារ៉ត។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធ នកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិផងដែរ៕ ដោយ៖ប៉ាល់ សុង(ផ្សាយដោយ៖ កន ចំណាន)