កម្ពុជា អាចនាំចេញគ្រាប់ស្វាយចន្ទី បានជាង ២០៤ ០០០ តោន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០២០ —

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា នៅក្នុងរង្វង់៩ខែ ឆ្នាំ២០២០នេះ កម្ពុជាអាចសម្រេចបានការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីបានប្រមាណជា ២០៤ ០០០ តោន។

យោងទៅតាមតួលេខដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបញ្ជាក់យ៉ាងច្បាស់ថា ” ការនាំចេញនូវផលិតផលកសិកម្មជា គ្រាប់ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មានកំណើន ២០,៥%” ។

ប្រភពដដែលបានបញ្ជាក់ថា ការនាំចេញផលិតផលជាគ្រាប់ស្វាយចន្ទីនេះគឺទៅកាន់ប្រទេសចំនួន ១០ នៅក្នុងនោះ អាស៊ានមានពីរប្រទេស អាស៊ីខាងកើត និង ប្រទេសអឺរ៉ុបមួយចំនួន ។

ប្រភពដដែលបានបន្តថា ប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមាន ប្រទេស វៀតណាម ថៃ ជប៉ុន រុស្សី ចិន ហុងកុង បារាំង កូរ៉េ តួគី និង បង់ក្លាដេស។

ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំងក្នុងការដាំដំណាំប្រភេទដើម ស្វាយចន្ទី ម្យ៉ាងទៀតដំណាំស្វាយចន្ទីគឺជាដំណាំផ្ដល់អត្ថប្រយោជន៏ច្រើន។ ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ ដែលអាចឱ្យកសិករធ្វើការដាំដុះតាមលក្ខណះធម្មតាក៏អាចដុះបានល្អ។ គេអាចធ្វើការដាំដុះពីដើមរដូវដល់ចុងរដូវប្រាំង ដោយមិនបាច់ស្រោចទឹកក៏វាអាចរស់បានដែរ ម្យ៉ាងទៀតគុណសម្បត្តិដ៏ល្អប្រសើរនោះក៏អាចដាំលើដីគ្រប់ប្រភេទ លើកលែងតែដីលិចទឹកតែប៉ុណ្ណោះ។

គ្រាប់ស្វាយចន្ទី ជាប្រភេទអាហារដែលសំបូរទៅដោយជាតិដែក ដែលជាសារធាតុចាំបាច់ សម្រាប់តម្រូវការជួយលើកកម្ពស់សុខភាពមនុស្ស ដែលមានបញ្ហាស្លេកស្លាំង ឬ ខ្វះឈាមក្រហម ហើយវាក៏ជាប្រភេទអាហារល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារតែវាអាចជួយកម្រិតជាតិស្ករនៅក្នុងឈាម ហើយវាត្រូវបានគេជឿថា ជាអាហារដែលមានផ្ទុកសារធាតុផូស្វ័រ និងសារធាតុ ដែលអាចជួយលើកកម្ពស់កម្លាំងមនុស្ស ជួយការពារការរលាក ជួយលើកកម្ពស់ភាពស៊ាំនឹងជំងឺគ្រុនផ្តាសាយ៕ រូបភាពឯកសារ

ដោយ៖ ហេង បញ្ញា (ផ្សាយដោយ៖ កន ចំណាន)