អាជ្ញាធរខេត្តបន្ទាយមានជ័យ ស្ថាបនាផ្លូវចាក់កៅស៊ូ DBST ពីសង្កាត់ព្រះពន្លា ទៅសង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០–

អាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ផ្តើមធ្វើ ការជួសជុលផ្លូវភ្ជាប់ពីសង្កាត់ព្រះពន្លា ទៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណប្រវែងជាង ១៣គី ឡូម៉ែត្រ ដែលទទួលរងការខូចខាតឱ្យមានភាពល្អប្រសើរវិញដោយស្ថាបនាចាក់កៅស៊ូ DBSTដើម្បីបម្រើដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ក្នុងតំបន់បានងាយ ស្រួល និងយូរអង្វែង ។

ថ្លែងក្នុងពីធីបើកការដ្ឋានជួសជុលផ្លូវនេះកាលពីចុងសប្តាហ៍កន្លងមកនេះអភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការស្ថាបនាផ្លូវកៅស៊ូចំនួន១៣គីឡូម៉ែត្រ ពីសង្កាត់ព្រះពន្លាទៅសង្កាត់ភ្នៀត ក្នុងក្រុងសិរីសោភ័ណនេះ ជាគម្រោងថវិការបស់រដ្ឋបាលខេត្តឆ្នាំ២០២០ ។ ក្នុងគម្រោងនេះជាជំហានដំបូងនេះការស្ថាបនាចាក់កៅស៊ូDBSTមានប្រវែង៤.២០០ម៉ែត្រនិងចាក់ក្រួស ៨.៨០០ម៉ែត្រ នៅឆ្នាំបន្ទាប់នឹងស្ថាបនាឱ្យរួចរាល់ជាផ្លូវកៅស៊ូទាំង ១៣គីឡូម៉ែត្រ ។

ឯកឧត្តមបានឱ្យដឹងទៀតថា ផ្លូវ១ខ្សែដែលក្រុមការងារកំពុងធ្វើសកម្មភាពជួសជុល នេះជាលក្ខណៈបន្ទាន់ពិតជាមានសារៈប្រយោជន៍ក្នុងការតភ្ជាប់រវាងទីក្រុងទៅកាន់ជនបទ ដើម្បីឆ្លើយតបទៅតាមសំណូមពរប្រជាពលរដ្ឋដែលចង់បានផ្លូវល្អស្អាត ក្នុងការធ្វើដំណើរទៅ មកបានលឿននោះ។
អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ទៀតថា ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី តែងផ្ដោតសំខាន់ បន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យផ្លូវថ្នល់ ក្នុងនោះមិនថាផ្លូវជាតិផ្លូវលំគ្រប់ទីកន្លែងនោះទេ ត្រូវបានស្ថាបនាពីតំបន់ដែលគ្មានផ្លូវ ទៅជាមានផ្លូវ ក្រាលក្រួសក្រហម ប្រែក្លាយទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូ ផ្សាភ្ជាប់ពីទីជនបទមកទីប្រជុំជនខេត្ត ស្រុក ក្រុង ដែលឆ្លើយតបទៅ នឹងអនុសាសន៍របស់សម្តេចតេជា មានផ្លូវ មានក្តីសង្ឃឹម។

ឯកឧត្តម អ៊ុំ រាត្រី បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដែលធ្វើការ ជួសជុលនេះ មេត្តាចូលរួមទាំងអស់គ្នាជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមជំនាញកំពុងធ្វើ ផ្លូវនេះបានលឿន ហើយត្រូវចូលរួមជួយថែទាំផ្លូវ ដែលបានជួសជុលហើយនេះ ឱ្យនៅប្រើ ប្រាស់បានយូរអង្វែង។
ជាមួយនេះដែរឯកឧត្តមក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោគឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត៕ ដោយ៖ឈុន សារ៉ាត(ផ្សាយដោយ​៖ កន ចំណាន)