សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងលោកជំទាវ សូមឱ្យបានឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតជាភាសាអង់គ្លេស ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបាននៅព្រឹកថ្ងៃនេះ។

នៅក្នុងសារលិខិតដែលចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ខ្ញុំ និងភរិយា មានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា ឯកឧត្តម ព្រមទាំងលោកជំទាវ បានឆ្លងជំងឺកូវីដ-១៩ ក្នុងខណៈពេលដែលសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលកំពុងប្រយុទ្ឋប្រឆាំងនឹងជំងឺនេះ ហើយដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន របស់សហរដ្ឋអាមេរិក។ ឆ្លៀតក្នុងឱកាសនេះ
ខ្ញុំ និងភរិយា សូមជូនពរដល់ ឯកឧត្តម និងលោកជំទាវ ឆាប់បានជាសះស្បើយឡើងវិញ និងមានសុខភាពល្អបរិបូរណ៌។ ខ្ញុំសូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។

គួររម្លឹកថា ឯកឧត្តម ដូណាល់ ត្រាំ និងភរិយា បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ឯកឧត្តម បានឆ្លងជំងឺនេះ។

បច្ចុប្បន្ននេះ ឯកឧត្តម ដូណាល់ ត្រាំ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាមួយកន្លែងនៅអាមេរិក ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមគ្រូពេទ្យ៕

ដោយ ផែន រតនៈ