ជ័យលាភី​ម្ចាស់​ពានរង្វាន់​ក្នុងការ​ប្រកួតប្រជែង​រ៉ូ​បូត ឆ្នាំ​២០២០ បាន​ទៅលើ​ក្រុម មកពី វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០
​សម្រាប់​ការប្រកួត​ឆ្នាំ​២០២០​នេះ មាន​និស្សិត​ជាច្រើន​ក្រុម​បានមក​ចូលរួម​ដែល​មកពី សាកល វិទ្យាល័យ និង​វិទ្យាស្ថាន​សំខាន់ៗ ចំនួន​៦ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ឆ្លងតាម​ការប្រកួត​ជម្រុះ​ជា​បន្តបន្ទាប់ សម្រាប់​ក្រុម​ចុងក្រោយ​ទាំង ៦ ក្រុម ជា​លទ្ធផល ជ័យលាភី ម្ចាស់​ពានរង្វាន់​ការប្រកួតប្រជែង រ៉ូ​បូត ឆ្នាំ​២០២០ នេះ​បាន​ទៅលើ​ក្រុម មកពី វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា NPIC ទទួលបាន​លេខ​១​។​

​ការរៀបចំ​កម្ម​វី​ធី​ការប្រកួតប្រជែង រ៉ូ​បូត​នេះ ក្នុង​គោលបំណង​បណ្តុះ​គំនិត​បង្កើន​សមត្ថភាព​បញ្ញា ក្នុងការ​អភិវឌ្ឍ​ការយល់ដឹង លើ​ជំនាញ​វិស្វកម្ម រ៉ូ​បូត​និង​ស្វ័យ​ប្រតិកម្ម ជូន​ដល់​សិស្ស និស្សិត នៅ​កម្ពុជា ក្នុងនោះ​អគ្គនាយកដ្ឋាន ទូរទស្សន៍​ជាតិ​កម្ពុជា​សហការ​ជាមួយ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា និង​បណ្តា​ក្រុមហ៊ុន​ឯកជន​មួយចំនួន បានរៀបចំ​កម្ម​វី​ធី​ការប្រកួតប្រជែង រ៉ូ​បូត លើក​ទី ៧ នៅ​កម្ពុជា​។

ក្នុង​ពិធី​បិទ​ការប្រកួត​នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា និង ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

​បើតាម​របាយការណ៍រ​បស់ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​បញ្ជាក់ថា ការប្រកួតប្រជែង​រ៉ូ​បូត​លើក​ទី ៧ នៅ​កម្ពុជា​នេះ​ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត និង​បង្កើត​ឱកាស​ដល់​និស្សិត ដែល​កំពុង​សិក្សា​នៅតាម​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន ដើម្បី​តម្រង់ទិស​វិជ្ជាជីវៈ​ឱ្យចំ​ទិសដៅ​ដែល​ខ្លួន​ពេញចិត្ត ជាពិសេស លើកកម្ពស់​ការអភិវឌ្ឍ​ប្រទេសជាតិ ចំពោះ​វិស័យ​បច្ចេកវិទ្យា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​។ ឯកឧត្តម អគ្គនាយក​សម្រាប់​ឆ្នាំ​២០២០ សង្កេតឃើញថា មានការ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ពី​សំណាក់​និស្សិត​ផ្ទាល់​ក្នុងការ​បង្ហាញ​សមត្ថភាព​ក្នុង​វិស័យ រ៉ូ​បូត នេះ ដោយ​ចំនួន​ក្រុម​មានការ​កើន ឡើង​មួយក្រុម និង​និស្សិត​ស្រី មានការ​កើនឡើង ទោះបីជា​ការផលិត​រ៉ូ​បូត គឺ​ប្រព្រឹត្តទៅ ទៅតាម​ស្តង់ដារ​អន្តរជាតិ ដែលមាន​ភាពស្មុគស្មាញ​ច្រើន ហើយ​ក្នុង​មួយក្រុម ត្រូវមាន​រ៉ូ​បូត​ចំនួន​២ ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា ក្នុងការ​ផលិត​អស់​ច្រើន​។ ជាមួយគ្នានេះ ប្រធានបទ​នៃ​ការប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ លើក​ទី​៧ ក្នុងឆ្នាំនេះ គឺ រ៉ូ​បូត បាល់ឱប ដែល​បំ​លែង​ចេញពី​កីឡា​បាល់ឱប​ជា​ប្រពៃណី​របស់​ប្រទេស ហ្វី​ជី ដែលជា​ម្ចាស់ផ្ទះ​ការប្រកួត រ៉ូ​បូត​អន្តរជាតិ ABU Robocon 2020​។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជូន ណា​រ៉ុ​ន រដ​ដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អរគុណ​ចំពោះ​ទូរទស្សន៍​ជាតិ​កម្ពុជា ក្រសួង​ព័ត៌មាន ដែល​បានរៀបចំ​កម្មវិធី​នៃ​ការ ប្រកួតប្រជែង​រ៉ូ​បូត ឆ្នាំ ២០២០​នេះ​ឡើង ហើយ​តាមរយៈ​ការប្រកួត​នេះ​បាន​ពិនិត្យឃើញថា និស្សិត​ទាំងអស់ ដែល​បានធ្វើ​ការប្រកួត មានការ​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ជាពិសេស​សម្រាប់​អ្នកចាញ់​កុំ​មាន​ការបាក់​ទឹកចិត្ត ដោយ​ត្រូវ​បន្ត​បង្កើន​សម្ថ​ភាព​របស់ខ្លួន​បន្ថែមទៀត​។ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​បាន​បន្ដថា សម្រាប់​ការប្រកួត​នេះ បានបង្ហាញ​ពី​ការធ្វើការងារ​ជា​ក្រុម មានគំនិត​ឆ្នៃប្រឌិត បង្ហាញ​ពី​ការគិត​ពិចារណា មាន​បំ​ណិ​ន​ក្នុងការ​ដោះស្រាយ​បញ្ហា ការងារ​បច្ចេកទេស និង​ចេះ​យក​ទ្រឹស្តី​មក​ធ្វើការ​អនុវត្ត ហើយ​សម្រាប់​ក្រុម​ដែល​ឈ្នះ គឺ​ត្រួតពិនិត្យ​ខ្លួនឯង ប្រឹងប្រែង​ក្នុងការ​ហ្វឹកហាត់​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​អរគុណ​ចំពោះ​ការចូលរួម​គាំទ្រ របស់ ឯ ឧ រដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏​ដូច​បណ្តា​ក្រសួង ស្ថាប័ន​មួយចំនួន សម្រាប់​រៀបចំ​ដំណើរការ​កម្មវិធី​ប្រកួតប្រជែង​រ៉ូ​បូត ឆ្នាំ ២០២០ ក៏​ជា​ការចូល​ទស្សនា និង​គាំទ្រ​ជានិច្ច ពី​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​អរគុណ​ផងដែរ​ចំពោះ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា ដែល​បានផ្តល់​ទីកន្លែង​សម្រាប់​រៀបចំ​ការប្រកួត ជាពិសេស​ការចូលរួម​របស់ សិស្ស និស្សិត ក្រុមការងារ​ទាំងអស់ ដែល​បាន​ចូលរួម​គាំទ្រ និង​រៀបចំ​កម្មវិធី​ឱ្យ​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អ និង​ទទួលបាន​ជោគជ័យ សម្រាប់​ជា​ជំហាន​បន្ត​ក្នុងការ​រៀបចំ​នៅ​ឆ្នាំ​ខាងមុខ​ទៀត​។​គួរ​បញ្ជាក់ដែរថា សម្រាប់​ការ​គណៈកម្មការ​រៀបចំ​ការប្រកួត បានកំណត់ ជ័យលាភី ចំនួន ៧ ប្រភេទ ក្នុងនោះ​ជ័យលាភី​លេខ ១ គឺជា​ជ័យលាភី​ធំ នៃ​ការប្រកួតប្រជែង រ៉ូ​បូត ឆ្នាំ ២០២០ នៅ​កម្ពុជា ទទួលបាន​ពាន​មួយ លិខិត​សរសើរ និង​ថវិកា​ចំនួន ១ លាន ២ សែន​រៀល ហើយ​ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បាន​បន្ថែម​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ១ លាន​រៀល​ទៀត​។ ជ័យលាភី​លេខ ២ គឺជា​ជ័យលាភី កម្រិត​ថ្នាក់​បន្ទាប់ ទទួលបាន​ពាន​១ លិខិត​សរសើរ និង​ថវិកា ចំនួន​៨០ ម៉ឺន​រៀល ហើយ​ឯកឧត្ដម ខៀវ កាញារីទ្ធ បានផ្ដល់​ថវិកា​បន្ថែម​ចំនួន ៨០ ម៉ឺន​រៀល​ទៀត​។ បន្ទាប់​ពីនេះ ក៏មាន​ជ័យលាភី កិត្តិយស ចំនួន ៥​ទៀត រួមមាន ជ័យលាភី លើ​ផ្នែក​វិស្វកម្ម និង​ផ្នែក​ប្រជាប្រិយភាព​ក្នុង​បណ្ត​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ទៅលើ​ក្រុម​វិទ្យាស្ថាន​ពហុ បច្ចេកទេស​ព្រះកុសុមៈ ជ័យលាភី​លើ​ផ្នែក​គំនិត​បាន​លើ​ក្រុម​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ជ័យលាភី​លើ​ផ្នែក​រចនា បាន​ទៅលើ​ក្រុម​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​សម្រាប់​ក្រុម​ដែល​ជាប់​ជ័យលាភី​កិត្តិយស​នេះ ទទួលបាន​ថវិកា​ពី​កម្មវិធី​ចំនួន​៤០ ម៉ឺន​រៀល ហើយ​លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ បានផ្តល់​ថវិកា​បន្ថែម ក្នុង​១ ក្រុម​ចំនួន ៤០ ម៉ឺន​រៀល និង​ក្រុម​មិនបាន​ជាប់​ចំនួន​៤​ក្រុម ដោយ​ក្នុង​១ ក្រុម ទទួលបាន​ថវិកា​ចំនួន ២០ ម៉ឺន​រៀល ពី​លោកជំទាវ ផងដែរ​។ ដោយឡែក ជ័យលាភី​ពិសេស​ពី ក្រុមហ៊ុន​តូយ៉ូតា បាន​ទៅលើ​ក្រុម​មក ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ទទួលបាន​ថវិកា ពី​ក្រុមហ៊ុន​ចំនួន ១ លាន ២ សែន​រៀល​។ សម្រាប់​ម្ចាស់​ជ័យលាភី​លេខ​១ ក្នុង​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​ជ្រើសរើស​អោយ ទៅ​ចូលរួម​ប្រកួតប្រជែង​ដណ្តើមយក​ពានរង្វាន់ ABU Robocon Festival 2020 កម្រិត​អន្តរជាតិ នា​ចុងឆ្នាំ​២០២០ ខាងមុខនេះ​៕​ ដោយ រិទ្ធី រូបថត​៖ ខឹម សុវណ្ណារ៉ា​ សម្រួលផ្សាយដោយ៖ ធូ កុសល