អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើង ទទួលបានបច្ច័យចំនួនជាង១០ម៉ឺនដុល្លារ

AKP សៀមរាប ថ្ងៃទី០៣ខែតុលាឆ្នាំ២០២០—

អង្គកឋិនទានមហាសាមគ្គីរបស់សប្បុរសជន និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយក្រោមគំនិតផ្តួចផ្តើម និងដឹកនាំពីសំណាក់លោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារព្រមទាំងញាតិព្រះធម៌ ឯកឧត្តម គង់ប៊ុនលី ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធា ធិបតីកិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ និងលោកជំទាវបានដង្ហែរទៅ វត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើងស្ថិតក្នុងភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០២០ ទទួលបានបច្ច័យចំនួនជិត១០ម៉ឺនដុល្លារអាម៉េរិក និងជាង៧៤លានរៀល។ 

ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ថិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើងមានថេរដិកាថា បច្ច័យដែលទទួលបានពីអង្គកឋិនទានឆ្នាំនេះ ក្រៅពីការលៃលកសម្រាប់ចង្ហាន់ព្រះសង្ឃ បច័្ចយមួយចំនួនធំត្រូវបែងចែកយកទៅជួសជុលកែលម្អព្រះវិហារ កុដិ សាលា ទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារ ស្ថិតនៅក្នុងវត្តឥន្ទបត្តបុរីអង្គរខាងជើង។ 

ពាក់ព័ន្ឋទៅនឹងអង្គកឋិនទាននេះដែរ ព្រះអង្គគង់ សុភាព បានពន្យល់ថា បុណ្យកឋិន ជាពិធីបែបព្រះពុទ្ឋសាសនាបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែរចូលទេទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ 

ព្រះគ្រូចៅអធិការបន្តថា អង្គកឋិនទានសម្រាប់វត្តឆ្នាំនេះ កើតឡើងដោយហេតុ៤យ៉ាង ហេតុទី១ដោយសារជីដូនជីតា ប្រជាពុទ្ឋបរិស័ទបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថាកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រងនិងអ្នកអនុមោទនាផង។ទី២ ដោយហេតុបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តនេះបានរៀនសូត្រធម៌វិន័យ ប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ព្រះពុទ្ឋសាសនា។ទី៣  ដោយប្រជាពុទ្ឋបរិស័បានមើលឃើញអំពីហេដ្ឋារចនាសម្ព័ន្ឋវត្តមានអាយុកាលចំណាស់និងរងនូវភាពទ្រុឌទ្រោមជាអន្លើៗ ខ្វះខាតទីសេនាសេនៈសម្រាប់ព្រះសង្ឃ ។ ទី៤ ប្រជាពុទ្ឋបរិស័ទ បានឈ្វេងយល់ នូវអាយុសង្ខាររបស់ខ្លួនមិនទៀងស្ថិតស្ថេរឡើយ ក៏នាំគ្នាសន្សំបុណ្យទានសម្រាប់ជាតិមុខរបស់ពួកគាត់រៀងៗខ្លួន៕ ដោយ ឃុត សៅ