រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍ជនបទ ខណៈភ្ញៀវទេសចរមានការផ្លាស់ប្តូរចំណង់ចំណូលចិត្ត ងាកមករកការដើរកម្សាន្តតាមតំបន់ជនបទច្រើន

AKP សៀមរាប ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០–

នៅក្នុងឱកាសប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វិស័យទេសចរណ៍កម្ពុជា ដែលធ្លាប់តែទទួលបានកំណើនភ្ញៀវទេសចរជាច្រើននៅទស្សវត្សចុងក្រោយនេះ បានទទួលរងប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ១៩ ជាក់ស្តែងនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២០ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១លាន២សែននាក់ មានការធ្លាក់ចុះ ៦៨,៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ការងារប្រមាណ ១១ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្រសួងបានកំណត់ និងដាក់ចេញជាយុទ្ធសាស្រ្ត ជំរុញចលនាទេសចរណ៍ក្នុងស្រុក ដើម្បីចាប់ផ្តើមឡើងវិញវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ជាមួយ នឹងការពង្រឹងសុវត្ថិភាពទេសចរណ៍ជនបទឱ្យកាន់តែសកម្ម និងរឹងមាំ ដោយផ្អែកតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។  ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងសុខាភិបាល រៀបចំ និងដាក់ចេញ វិធានការសុវត្ថិភាព និងអនាម័យទេសចរណ៍ចំនួន០៧ ដូចជាសេវាកម្មភោជនីយដ្ឋាន ម្ហូបអាហារ សណ្ឋាគារ ផ្ទះសំណាក់ ការដឹកជញ្ជូនភ្ញៀវទេសចរ សហគមន៍ និងការិយាល័យទេសចរណ៍ក្នុងស្រុក។

វិធានការទាំងនេះ បានស្ថិតនៅក្រោមចំណាត់ការ និងការអនុវត្តយ៉ាងយកចិត្តទុកដាក់របស់ប្រតិបត្តិករទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាពិសេសនោះ គឺនៅក្នុងពេលនៃថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរ និងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលមកដល់ពេលនេះ ពុំមានលេចចេញករណីឆ្លងវីរ៉ុសកូវីដ១៩ ក្នុងសហគមន៍នោះឡើយ។

ឯកឧត្តម ថោង ខុន បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ រួមគ្នា អភិវឌ្ឍវិស័យទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍ជនបទ កសិទេសចរណ៍ និងសហគមន៍ទេសចរណ៍ ពីព្រោះនៅក្នុងស្ថានភាពវិបត្តិកូវីដ១៩ នេះ  ភ្ញៀវទេសចរជាតិមានការផ្លាស់ប្តូរចំណង់ចំណូលចិត្ត ងាកមករកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ-ទេសចរណ៍ និងតំបន់ធម្មជាតិនានា កាន់តែច្រើនឡើង ដែលបានធ្វើឱ្យវិស័យទេសចរណ៍ជនបទ បានចូលរួមចំណែកក្នុងការទប់ស្កាត់ចំណាកស្រុក តាមរយៈការបង្កើតការងារ ការអភិរក្ស និងលើកកម្ពស់វប្បធម៌ បេតិកភណ្ឌ និងទំនៀមទម្លាប់ ប្រពៃណី ការការពារ និងថែរក្សាធនធានធម្មជាតិ ព្រមទាំងនាំមកនូវនវានុវត្តន៍ និងគំនិតច្នៃប្រឌិតដល់ប្រជាពលរដ្ឋមូលដ្ឋាន។

ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើសារ មកកាន់អ្នកចូលរួម នៅក្នុងទិវាអបអរសាទរទេសចរណ៍ពិភពលោក ឆ្នាំ២០២០នេះថា វិស័យទេសចរណ៍បានផ្តល់ជីវភាពឱ្យមនុស្សរាប់រយលាននាក់នៅលើពិភពលោក។ ពិតជាក្រៀមក្រំខ្លាំងណាស់ នៅពេលដែលបានឃើញវិស័យទេសចរណ៍ត្រូវបំផ្លាញដោយកូវីដ១៩។ ពេលនេះ ពិតជាមានភាពចាំបាច់បំផុត ដែលត្រូវកសាងវិស័យទេសចរណ៍ឡើងវិញ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិបទសុវត្ថិភាព សមភាព មិនប៉ះពាល់អាកាសធាតុ និងត្រូវមានការកសាងបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្តិភាព និងការទទួលខុសត្រូវសម្រាប់សហគមន៍ ម្ចាស់ផ្ទះ អ្នកបម្រើការងារ និងអ្នកធ្វើដំណើរ៕

ដោយ ឃុត សៅ