ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ រៀងៗខ្លួន

AKP កំពង់ចាម ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ដែលគ្រប់អាយុ មានសិទ្ធបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតហើយសុំទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់រៀងៗខ្លួន។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងដូចនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នេះ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គមប្រកាន់លិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឬអ្នកដឹកនាំ ដែលការបោះឆ្នោតគឺអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈជាសកលផង និងមានលក្ខណៈជាអសកលផង ហើយពលរដ្ឋដែលមានសិទ្ធបោះឆ្នោតបានលុះត្រាតែមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវ និងក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ សូមប្រញាប់រួសរាន់ទៅធ្វើការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យ បានគ្រប់ៗគ្នានៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដោយមានរយៈពេល តែ១៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយក្នុងករណីមានចម្ងល់ ឬមានបញ្ហាផ្សេងៗ សូមប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរ មូលដ្ឋានដែលបងប្អូនរស់នៅ៕

ដោយ ឆាយ ម៉ុត