រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ទឹកភ្លៀងដែលជន់លិចផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល បានស្រកចុះហើយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០–

រដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី០៣ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងដែលបានជន់លិចនៅផ្លូវជាតិ លេខ៤ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូល បានស្រកចុះបណ្ដើរៗហើយ ក្រោយពីអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យជាក់ស្តែងនិងបញ្ជាផ្ទាល់ឱ្យប្រើប្រាស់គ្រឿងចក្រកាយបង្ហូរទឹកនៅទីតាំងសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌទាំងពីរនេះ កាលពី យប់ថ្ងៃទី០២ខែតុលា ឆ្នាំ២០២០។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី០២ខែតុលាបានចុះទៅពិនិត្យនិងបញ្ជាផ្ទាល់ ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌធ្វើការកាយប្រឡាយបើកមុខទឹក នៅចំណុចអមផ្លូវរទេះភ្លើងក្នុងភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំង និងមួយទីតាំងទៀតនៅតាមបណ្ដោយផ្លូវរទេះភ្លើង ស្ថិតនៅក្នុងភូមិជង្រុកក្នុងសង្កាត់ត្រពាំងក្រសាំង។ ការប្រើគ្រឿងចក្រកាយបើកមុខទឹក២ទីតាំងនេះ វានឹងនាំទឹកហូរធ្លាក់ទៅប្រឡាយទួលសំពៅនិងបន្តហូរទៅស្ថានីយ៍បូមទឹកទួលសំពៅ ។

ប្រធានមន្ទីរសាធារណការប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ និងលោក សេង គន្ធ អភិបាលរងខណ្ឌកំបូល នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា នៅពីព្រឹកថ្ងៃទី០៣ខែតុលានេះ ទឹកជំនន់ទឹកភ្លៀងដែលបានជនលិចនៅតំបន់ផ្លូវជាតិលេខ ៤ បានស្រកបណ្តើរៗហើយ ពោលគឺក្រោយពីឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះបញ្ជាផ្ទាល់ កាលពីយប់ថ្ងៃទី០២ តុលា ខណៈដែរភ្លៀងកំពុងធ្លាក់ បណ្តាលឱ្យជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យពិសេសលើ កំណាត់ផ្លូវជាតិ៤ និងក្នុងតំបន់មួយចំនួនក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយពីកាយបើកមុខទឹកនេះ លោកជឿថា ដោយចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញមិនយូរទេ ក្នុងភូមិសាស្ត្រខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ ពិសេសលើកំណាត់ផ្លូវជាតិលេខ៤ទឹក នឹងស្រុកអស់ជាក់ជាមិន ខាន៕ ដោយ សួស សំរិត