ប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មានចុះពិនិត្យនិងស្វែងយល់ការងារ​គ្រប់គ្រង​ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

AKP ភ្នំពេញ ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២០–

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុក​ចុះពិនិត្យនិងស្វែងយល់ការងារ​រៀប​​ចំគម្រោងរេដបូកនិងការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ពីថ្ងៃទី ៣ ដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២០ ។

ដំណើរទស្សនកិច្ចចុះពិនិត្យនិងស្វែងយល់នេះ បានសហការរៀបចំឡើងដោយអង្គការ WCS និងក្រសួង​បរិស្ថាន គាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងគោលបំណងផ្តល់ឱកាសជូនគណៈប្រតិភូ និង ក្រុមអ្នកសារព័ត៌មានដើម្បីបានស្វែង​យល់​និង​ជួយលើកកម្ពស់ការយល់ដឹងសាធារណៈអំពី (១) ការរៀប ចំនិងការអនុវត្តគម្រោងកែវសីមា រេដបូក (២) ការការពារនិងអភិរក្សធនធានជីវៈចម្រុះ និង(៣)កម្មវិធី លើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជា​សហគមន៍​មូល​​ដ្ឋាន។

ក្នុងកំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងអញ្ជើញជួបជាមួយតំណាងមន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី នាយកដែនជម្រកសត្វព្រៃកែវសីមា មន្ត្រីឧទ្យានុរក្ស និងតំណាងអង្គការ WCS នៅឯស្នាក់ការ​ដែនជម្រក​សត្វព្រៃកែវសីមា ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងរេដបូក និងយន្តការពាក់ព័ន្ធនឹងការបែងចែកផល​ប្រយោជន៍ដល់់សហគមន៍។ បន្ទាប់មក គណៈប្រតិភូនឹងបន្តដំណើរទៅកាន់សហគមន៍តំបន់ការពារ​ធម្មជាតិស្រែព្រះស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ជំរំសត្វទោចថ្ពាល់លឿងស្ថិតក្នុងភូមិអណ្តូងក្រឡឹង​និងរមណីយដ្ឋានទឹកធ្លាក់«លែងអង»និង«លែងឃិន»ស្ថិតក្នុងស្រុកអូររាំង ដើម្បីជួបសំណេះសំណាល​ជា​មួយសហគ្រាសសហគមន៍កែច្នៃឫស្សីរបស់សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ ក្រុមកសិករផលិត​ស្រូវមិត្តភាព​សង្គ្រោះសត្វព្រៃ (អាប៊ីស រ៉ាយស៍) ក្រុមសហគមន៍ទេសចរណ៍ធម្មជាតិ និងពិនិត្យមើល​សមិទ្ធិ​ផល​​មួយចំនួន​​ដែលសហគមន៍អនុវត្តនិងសម្រេចបានក្រោមគម្រោងរេដបូក ដូចជា ប្រព័ន្ធផ្គត់ផ្គង់​ទឹកស្អាតថ្នាក់ភូមិ រោងប្រជុំ​សហគមន៍ អណ្តូងស្នប់ និងស្ពានឆ្លងកាត់ភូមិ។

លោកស្រី Veena Reddy នាយកបេសកកម្មទី​ភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំកម្ពុជា បានកត់​សម្គាល់ថា «ការអនុវត្តគម្រោងរេដបូកប្រកបដោយជោគជ័យនឹងផ្តល់អត្ថប្រយោជន៍រួមដល់សហគមន៍ ធម្មជាតិ និងសេដ្ឋកិច្ច។ គម្រោងនេះអាចជួយការពារនិងអភិរក្សប្រភេទសត្វសំខាន់ៗដែលជិតផុតពូជ ធនធានជីវៈចម្រុះ និងគម្របព្រៃឈើ។ វាក៏អាចជួយអភិរក្សវប្បធម៌នៅក្នុងតំបន់ផងដែរ។» 

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណចំពោះ​អង្គការ​ដៃគូពាក់ព័ន្ធ​ទាំង​អស់ ជាពិសេស ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលបានបន្តចូលរួមចំណែក​ការពារ​​និងអភិរក្សព្រៃឈើរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅគង់វង្ស ឈានដល់មានការលក់ឥណទាន​

 

 

កាបូន​នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ការរួមចំណែករបស់ដៃគូទាំងអស់មិនត្រឹមតែបានផ្តល់​អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន​ផងដែរតាមរយៈការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ។ សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងបរិស្ថាននិងដៃគូទាំងអស់ ហើយក៏សូមថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្សរបស់យើងទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុង​ការអភិរក្សធនធានជីវៈចម្រុះនិងសត្វព្រៃនៅកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយរបស់យើង។​»

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ដោយមានការគាំទ្រ​ជា បន្តបន្ទាប់ពីម្ចាស់ជំនួយរបស់យើង អង្គការWCS​សម្រេចបានសមិទ្ធិផលការងារអភិរក្សយ៉ាងច្រើនគួរ​ឱ្យ កត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយយើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរ​មូលដ្ឋាន ដែលធ្វើឱ្យយើងទាំងអស់គញនាអាច​សំរេចបាននូវគោលដៅរួមរយៈពេលវែង​របស់​យើង​ក្នុង​ការងារ​​អភិរក្សនិងអភិវឌ្ឍន៍សហគមន៍។

រេដបូក (REDD+) មានន័យជា​ភាសាខ្មែរថា ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់​និងរេចរឹលព្រៃឈើ បូកនឹងការអភិរក្សព្រៃឈើ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការ​បង្កើនកាបូនស្តុក ដែលមានពាក្យពេញជាភាសាអង់គ្លេសគឺ Reducing Emission from Deforestation and forest Degradation ឬហៅ​កាត់ថា រ៉េដបូក។ េរដបូកគឺជាយន្តការមួយដែល​បង្កើតឡើងដើម្បីលើក​ទឹក​ចិត្តដល់ប្រទេសកំពុងអភិវឌ្ឍនានាឱ្យចូលរួមការពារ គ្រប់គ្រងនិងប្រើប្រាស់​ធនធានព្រៃឈើនៅក្នុង​ប្រទេស​របស់ខ្លួនឱ្យបានល្អប្រសើរនិងប្រកបដោយភាពឆ្លាតវៃ ដើម្បីរួមចំណែកប្រយុទ្ធ​ប្រឆាំងនឹងការប្រែ​ប្រួលអាកាសធាតុនៅលើពិភពលោក។ គម្រោងកែវសីមាបានចាប់ផ្តើមអនុវត្ត​នៅឆ្នាំ ២០១០ និង​ផ្តោតលើតំបន់ស្នូល (ដែលមានទំហំ ១៦៦.៩៨៣ហិកតា)ស្ថិតក្នុងតំបន់ការពារ។ គម្រោងនេះគ្រប​ដណ្តប់​លើ​ភូមិ​គោល​ដៅចំនួន ២០ភូមិ ​មានប្រជាពលរដ្ឋរស់នៅសរុបប្រហែល ១៨.០០០នាក់ ដែលទទួល​បានអត្ថប្រយោជន៍ពីការគ្រប់គ្រងតំបន់ការពារបានល្អប្រសើរនិងគាំទ្រដល់ការ​អភិវឌ្ឍសហគមន៍។ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដែលមានអង្គការ WCS ជាដៃគូ បានលក់​ឥណទានកាបូនបាន​ចំណូលជិត ៤លានដុល្លារ គិតមកដល់ពេលបច្ចុប្បន្ននេះ។ ចំណូលបានពីការលក់​ឥណទានកាបូន​ទាំង​នេះ ឥឡូវនេះកំពុងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រទាំងស្រុង​ដល់សកម្មភាពការងារ​អភិរក្សនិង​គ្រប់គ្រង​ព្រៃ​ឈើ រួមទាំងគាំទ្រដល់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងព្រៃឈើនិងសត្វព្រៃ​ដល់​មន្ត្រីរាជរដ្ឋាភិបាលផង​ដែរ។

ចំណូលទាំងនេះក៏ត្រូវបានចែករំលែកដល់សហគមន៍ផងដែរ ដើម្បីលើក​កម្ពស់ជីវភាពរស់ នៅរបស់​ពួក​គាត់​ឱ្យមានភាពកាន់តែប្រសើរឡើងតាមរយៈការផ្តល់ជាមូលនិធិគាំទ្រ​គម្រោងអភិវឌ្ឍ សហគមន៍របស់​ពួកគាត់ មានដូចជា ការសាងសង់បង្គន់អនាម័យ អណ្តូងទឹក ស្ពាន រោងប្រជុំ និងគ្លីនិក សុខភាពចល័ត​ជាដើម៕ គង់ សិរីរ័ត្ន,រូបថត: អ៊ុន រិទ្ធី