មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ដ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ — មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ដដើម្បីជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងការវះកាត់ និងជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមកាន់តែមានការកើនឡើងថែមទៀត​នៅ​ទូទាំងប្រទេស។

ក្នុងកម្មវិធី​បរិច្ចាគឈាមដោយស្ម័គ្រចិត្ដ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នៅ​មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់​ឈាម​បានមានប្រសាសន៍ថា ការបើកកម្មវិធីយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះ​ជីវិត​នៅមន្ទីរ​ពេទ្យរ៉ូយ៉ាល់ភ្នំពេញនាថ្ងៃនេះ គឺមានគោលបំណងដើម្បីបង្កើតទម្លាប់វប្បធម៌នៃ​ការ​បរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ដ និងជំរុញ លើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅចូលរួម​នៅ​ក្នុង​ការរួមចំណែកសកម្មភាពក្នុងសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេសដើម្បីធានាឱ្យ​មាន ការផ្គត់ផ្គង់ឈាមដល់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនរើសអើង និងមិនប្រកាន់ពូជសាសន៍នៃសាសនាអ្វីឡើយ។ លោកវេជ្ជបណ្ឌិតបានគូស​បញ្ជាក់​ថា ការបរិច្ចាគឈាមគឺជាការផ្សាភ្ជាប់​សកម្ម ភាពនៃការបរិច្ចាគឈាមដោយ​ស្ម័គ្រ​ចិត្ដទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃនៅក្នុងសង្គមជាតិទាំងមូល។ ទន្ទឹមនេះ មជ្ឈ​មណ្ឌលជាតិផ្ដល់ឈាមបានកត់ត្រានូវព្រឹត្ដិការណ៍ដ៏​សំខាន់​មួយនេះ និងថ្លែងអំណរគុណ​ដល់​ការគាំទ្រទាំងឡាយដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវសូមឱ្យមានការគាំទ្រ​បន្ដទៀតនៅគ្រប់រូបភាពក្នុងយុទ្ធនាការបរិច្ចាគឈាមនាពេលខាងមុខនេះ។

លោកវេជ្ជបណ្ឌិតបានបន្ដថា ការបរិច្ចាគឈាមបានផ្ដល់នូវអត្ថប្រយោជន៍​ជាច្រើន​សម្រាប់អ្នកបរិច្ចាគឈាម ដោយការបរិច្ចាគឈាមម្ដងអាចឱ្យយើងបានដឹងពីស្ថាន​ភាព​សុខ​ភាពរបស់យើង ជាពិសេសស្ថានភាពនៃជំងឺឆ្លង រលាកថ្លើមប្រភេទ A, B, C ជំងឺស្វាយ និងជំងឺអេដស៍ជាដើម។ លោកវេជ្ជបណ្ឌិតក៏បានលើកឡើងអំពីអត្ថ​ប្រយោជន៍​នៃការ​បរិច្ចាគឈាម ដែលជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីផ្សេងៗ ជាពិសេស​កាត់​​បន្ថយការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំង ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ និងជំងឺដាច់សរសៃរ ឈាមក្នុងខួរក្បាល។ ក្រៅពីនេះ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ហើយ​ឈាមមិនមានប្រភពណាក្រៅពីមនុស្សទេ និងក៏គ្មានរោងចក្រផលិតឈាមនោះដែរ ដែល​ឈាមគឺជាច្រកតែមួយគត់ក្នុងការចូលរួមជួយសង្គ្រោះដល់ជីវិតមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់។

លោកប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក៏បានថ្លែងអំណរគុណដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដែលបានរៀបចំកម្មវិធីផ្ដល់ឈាមនេះឡើង ដើម្បីជាឱកាសក្នុងការផ្សព្វ​ផ្សាយ​អប់រំអំពីការបរិច្ចាគឈាម និងការផ្ដល់នូវអំណោយឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់​ឈាម ដើម្បីយកទៅជួយសង្គ្រោះដល់អាយុជីវិតរបស់អ្នកជំងឺនៅទូទាំងប្រទេស។ លោក​វេជ្ជបណ្ឌិតបានចាត់ទុក​សកម្មភាពមនុស្សធម៌មួយនេះគឺជាគំរូល្អមួយក្នុងការពង្រីកនូវ សកម្មភាពដល់វិស័យឯកជនផ្សេងៗទៀតឱ្យយកគំរូតាម ក្នុងការចូលរួមផ្ដល់ឈាម និង ផ្ដល់នូវ​អំណោយ​ឈាមឱ្យបានកាន់តែច្រើនថែមទៀតដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីផ្គត់ផ្គង់ឈាមជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោកវេជ្ជបណ្ឌិត Narintara ប្រធានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីផ្ដល់ឈាមនេះ ដោយមើលឃើញអំពីកង្វះខាតឈាម ច្រើននៅក្នុង ប្រទេសកម្ពុជា ហើយអ្នកចូលរួមបរិច្ចាគឈាមគឺនៅមានកម្រិតតិចតួចនៅឡើយ។ ដូច្នេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមក្នុងការរៀប ចំកម្មវិធីបរិច្ចាគឈាម ក្នុងគោលបំណងជំរុញដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្ដផ្ដល់ឈាម ដើម្បី​ចូលរួមបរិច្ចាកឈាមក្នុងការជួយដល់អ្នកជំងឺ និងការវះកាត់អ្នកជំងឺដែលត្រូវ​ការ​ឈាម។ លោកវេជ្ជបណ្ឌិតបានបន្ដថា កម្មវិធីបរិច្ចាគឈាមនេះក៏ជាការចូលរួមផ្សព្វផ្សាយ និងអប់រំ​ដល់អ្នកស្ម័គ្រចិត្ដបរិច្ចាគឈាម ដើម្បីជំរុញឱ្យមានការផ្ដល់ឈាមឱ្យបានច្រើន ហើយលើក​កម្ពស់ការយល់ដឹងទាក់ទងនឹងការបរិច្ចាគឈាម តើវាមានអត្ថប្រយោជន៍អ្វីខ្លះ​ដល់សង្គម។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងនាមមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបន្ដកម្ម​វិធីសកម្មភាព​ផ្ដល់​ឈាម​ជារៀងរាល់ឆ្នាំ សម្រាប់ចូលរួមចំណែកក្នុងការផ្សព្វផ្សាយ​អប់រំ​ទាក់​ទងនឹងការបរិច្ចាគ​ឈាម​ឱ្យបានទូលំទូលាយ ជាពិសេសការបរិច្ចាគឈាមនេះ គឺមិន​ប៉ះពាល់ដល់សុខភាព ហើយការបរិច្ចាគឈាមគឺជួយជីវិតមនុស្ស ដែលយើងត្រូវចូលរួម​ទាំង​អស់គ្នា ដើម្បី​ឱ្យមាន​ឈាមកាន់តែគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះដល់អាយុជីវិត​អ្នក​ជំងឺ។

បើតាមលោកវេជ្ជបណ្ឌិត សុខ ប៉ូ បានលើកឡើងថា តម្រូវការឈាមក្នុង​ឆ្នាំ២០២០ នេះ គឺមានប្រមាណ១លាន១សែនប្លោក ដែលមានកំណើនប្រមាណជាង២០ភាគរយ ក្នុងនោះ បើគិតក្នុង១ថ្ងៃ យើងត្រូវការឈាមប្រមាណ២៥០ប្លោក ទៅជាង៣០០ប្លោក។ លោក​​វេជ្ជបណ្ឌិតបានបន្ថែមថា ដោយសារតែវិបត្ដិកូវីដ-១៩ ក្នុងឆ្នាំ២០២០នេះ គឺសេវាផ្នែក​ផ្ដល់​ឈាម​បានប៉ះពាល់ផងដែរ ហើយតម្រូវការឈាមមានការកើនឡើង ក្នុងនោះ អ្នកជំងឺ​មួយ​ចំនួន​ដែលធ្លាប់ប្រើប្រាស់សេវាឈាមនៅក្រៅប្រទេស បានងាកមកប្រើប្រាស់នៅ​ក្នុង​ស្រុក​វិញ ដែលជាហេតុនាំឱ្យតម្រូវការឈាមក្នុងប្រទេសមានការកើនឡើងក្នុង​ឆ្នាំ២០២០​នេះ។

លោកវេជ្ជបណ្ឌិតក៏បានប្រកាសស្វាគមន៍ដល់សប្បុរសជនទាំងអស់ ដែលបានធ្វើ​អំណោយ​ទាន​ឈាម​​សម្រាប់ជីវិត និងមិនគិតកម្រៃ ដើម្បីចូលរួមសង្គ្រោះជីវិតដល់​ជនគ្រប់​រូបដោយ​ទឹកចិត្ដ​សប្បុរស៕

ដោយ រិទ្ធី