ឯកឧត្ដម វ៉ា ថន អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៦៩១ប័ណ្ណ នៅក្នុងឃុំគោលាប់ ស្រុកចិត្របុរី

AKP ក្រចេះ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញប្រគល់វិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦៩១ប័ណ្ណ នៅក្នុងឃុំគោលាប់ ស្រុក ចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

តាមកាបញ្ជាក់របស់មន្ទីររៀបចំដែនដីនគរូប នីយកម្ម សំណង់និងសុរិយោដីខេត្តក្រចេះ គិតមកដល់បច្ចុប្បន្ននេះមន្ត្រីជំនាញបានចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិអចលនវត្ថុជូន ប្រជាពលរដ្ឋ បាន៦ឃុំ ៤សង្កាត់ ក្នុងក្រុង១ និងស្រុកចំនួន២ ស្មើនឹង២២ភូមិ ដែលមាន ប្រជាពលរដ្ឋចំនួន ១៤២៩១ គ្រួសារស្មើនឹងផ្ទៃដី៨២៧០,៨៩ ហិកតា

ក្នុងឱកាសអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុជូនប្រជាពលរដ្ឋនាពេលនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបញ្ជាក់ថា វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ គឺជាវត្ថុដ៏មានតម្លៃនិងជាឯកសារភ័ស្តុ តាងដ៏រឹងមាំចំពោះមុខច្បាប់។

ឯកឧត្ដមបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទូទៅដែលមានដីធ្លីត្រូវតែមានប័ណ្ណកម្មសិទ្ធិ ដើម្បីប្រើប្រាស់ទាញយកប្រយោជន៍ផ្សេងៗ ហើយវាក៏ជាផ្នែកមួយក្នុងការ កាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។  ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន ក៏បានជំរុញដល់មន្ទីរជំនាញត្រូវបង្កើនល្បឿននៃការវាស់វែងនិងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋឱ្យបានលឿនតាមផែន ការគ្រោងទុក៕

ដោយ ជួន សុជាតិ