លោក គឹម ភក្តី ប្តេជ្ញាថា ក្រុមបឹងកេតប្រឹងប្រែងដើម្បីឈ្នះជើងឯកលីគកំពូល

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០–

លោក គឹម ភក្តី គ្រូងបង្គោលក្លិបកីឡាបាល់ទាត់បឹងកេតបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០នេះថា ច្បាស់ណាស់យើងប្រឹងប្រែង ដើម្បីឈ្នះពានលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ហើយយើងកំពុងរៀបចំឱ្យបានល្អ និងកាន់តែ អត់ធ្មត់យកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងបន្តរក្សាការប្រជែងនៅកំពូលតារាង ។

គ្រូបង្គោលរូបនេះអះអាងថា នៅសល់២ប្រកួតចុងក្រោយ ដែលក្រុមបឹងកេតនឹងត្រូវប៉ះជាមួយក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោន ដោយក្រុមទាំងពីរនេះសុទ្ធតែជាក្រុមដែលល្អ និងខ្លាំងៗ យើងត្រូវការលេងដោយយកចិត្តទុកដាក់បំផុត ដើម្បីទទួលលទ្ធផលល្អ។ ដូច្នេះ២ប្រកួតចុងក្រោយនេះពិតជាសំខាន់ ដើម្បីស្វែងរកពិន្ទុបន្ថែម ដោយពិន្ទុរបស់បឹងកេតមិនទាន់ដាច់ឆ្ងាយពីក្រុមលេខពីរនៅឡើយ ។ លោកប្តេជ្ញាចិត្តថា នឹងប្រើប្រាស់បច្ចេកទេស និងការយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់ពីរប្រកួតចុងក្រោយបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា រដូវ កាល ២០២០នេះ។

គិតមកដល់សប្តាហ៍ទី១៦ ឆ្លងកាត់១៥ប្រកួត បឹងកេត ឈ្នះ១១ប្រកួត ស្មើ៤ប្រកួត និងមិនធ្លាប់ចាញ់ មាន៣៧ពិន្ទុ ឈរនៅលេខ១បណ្តោះអាសន្នចំនួនពីរពិន្ទុ លើក្រុមការពារតំណែងជើងឯករដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀង ដែលមាន៣៥ពិន្ទុ ដោយឈ្នះ១១ប្រកួតដូចគ្នា ស្មើ២ប្រកួត និងចាញ់២ប្រកួត។ ២ប្រកួតចុងក្រោយរបស់បឹងកេត សុទ្ធតែនៅក្រៅទឹកដី ដោយជួបកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែតុលា និង ភ្នំពេញក្រោន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ត្រូវកែសម្រួលនូវលក្ខខណ្ឌប្រកួត ក្រោយបញ្ចប់ជើងទី១ គឺគណៈកម្មការបាល់ទាត់ជាតិកម្ពុជា​ (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចែកចេញជាពីរក្រុម ដោយក្រុមទី១ យក៦ក្រុមលើកំពូលតារាង ពីលេខ១ ដល់លេខ៦ ប្រកួតប្រជែងជើងឯក ខណៈ៧ក្រុមពីលេខ៧ដល់លេខ១៣ប្រកួតធម្មតា ហើយក្រុមបាតតារាង១ក្រុម ត្រូវបានទម្លាក់ទៅលីគលំដាប់ទី២ ស្របពេលដែលក្រុមជើងឯកលីគ ២នឹងឡើងមកជំនួសនៅលីគកំពូលវិញ នារដូវកាល ២០២១ ខាងមុខ៕ ដោយ៖ហេង ណាលីន