ឯកឧត្តម លុយ ដាវីត៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស លើកទី២ ទទួលបានលទ្ធផលល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា កិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (លើកទី២) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៩ និង ៣០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ បានទទួលលទ្ធផលល្អប្រសើរ និងទទួលយកបាន។

ឯកឧត្តម បានគូសបញ្ជាក់ថា៖ “កិច្ចប្រជុំនេះ មានការចូលរួមជាវាគ្មិនមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងធនាគារជាតិ ដោយបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ស្តីអំពី ”ច្បាប់ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” និង ”ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” ជាពិសេសកាតព្វកិច្ចរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសក្នុងការអនុវត្ត ច្បាប់ទាំងពីរនេះ”។

ឯកឧត្តមរដ្ឋលេខាបានបន្ថែមថា អង្គប្រជុំ ក៏បានពិភាក្សាទៅលើបញ្ហាប្រឈមនានាដែលកើតឡើងនៅក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេស និងអង្គការមិនមែនរដ្ឋាភិបាលបរទេសផងដែរ ដោយជារួមគឺពុំមានបញ្ហាអ្វីដែលលេចធ្លោនោះទេ ក្រៅតែពីមានការលើកឡើងពីតំណាងអង្គការពាក់ព័ន្ធទៅនឹងការផ្តល់ទិដ្ឋាការ ការធ្វើរបាយការណ៍ប្រចាំឆ្នាំ ការបន្តសុពលភាពលើ MoU ការចុះបញ្ជីពន្ធដារ ដែលវាគ្មិន និងក្រុមការងាររបស់ ក្រសួងការបរទេស និងវាគ្មិនពាក់ព័ន្ធបានឆ្លើយគ្រប់សំណួរទាំងអស់ដែលបានលើកឡើង។

គួររម្លឹកថា កិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេសនេះ មានអ្នកចូលរួមចំនួន ៣៧០នាក់ មកពីអង្គការចំនួន ២១៦ ក្នុងចំណោម ៣៥៦ អង្គការ ដែលបានចុះបញ្ជីជាមួយក្រសួងការបរទេស៕ ដោយ ផែន រតនៈ(ផ្សាយដោយ៖ កន ចំណាន)