អភិបាលខេត្តបាត់ដំបង ជួបគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង ប្រទេសវៀតណាម

AKP បាត់ដំបង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០–

នៅរសៀលថ្ងៃ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង និងបាននាំយក ម៉ាស និងទឹកអាល់កុលលាងដៃសម្លាប់មេរោគ ដែលជាជំនួយរបស់គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ផងដែរ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈ ឯកឧត្តម អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង បើទោះ បីជាទីក្រុងដាណាំងធ្លាប់មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដំណាក់កាលទី២នៅទីក្រុងដាណាំងរួចមក ក៏នៅតែឆ្លៀតជួយជាឧបត្ថម្ភជាម៉ាស ជាទឹកអាល់កុលលាងសម្អាតដៃ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់សម្រាប់ធ្វើការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលនេះសបញ្ជាក់អំពីចំណងមិត្តភាពល្អនឹងគ្នាទៅវិញទៅមក ជួយគ្នាក្នុងគ្រាមានអាសន្ន ផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា ចំពោះម៉ាសនិងអាល់កុលដែលទទួលបាននេះ រដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការរៀបចំចែកជូនទៅតាមសាលារៀននានាក្នុងខេត្ត សម្រាប់ចែកជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលមានការខ្វះខាត ដើម្បីធ្វើយ៉ាងណាឱ្យការសិក្សារបស់សិស្សានុសិស្សប្រកបសុខភាពល្អ និងគ្មានជំងឺកូវីដ-១៩មកបៀតបៀនឡើយ ។

អំណោយទាំងនោះរួមមាន ម៉ាសចំនួន ៥.០០០ម៉ាស ទឹកអាល់កុលលាងសម្អាតដៃសម្លាប់មេរោគចំនួន ៥០០ដប ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការររីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង ។ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)