សិក្ខាសាលាផ្សព្វផ្សាយ អំពី ផែនការយុទ្ធសាស្រ្តជាតិជនពិការភាព ២០១៩-២០២៣

AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០–

នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីយុទ្ធសាស្ត្រជាតិជនពិការភាព និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាពខេត្តកំពង់ឆ្នាំង ២០១៩-២០២៣ ក្រោមអធិបតីភាពឯកឧត្តម ស្រី ចាន់ អគ្គលេខា ធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម អម សុភា អភិ បាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកផងដែរ។

ឯកឧត្តម អម សុភា បានប្រសាសន៍ថា រដ្ឋបាលខេត្តបានជំរុញ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការភាព តាមរយៈការអនុវត្តសកម្មភាពនានាសំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការភាព បានចូលបំពេញការងារតាមវិស័យឯកជននានាផងដែរ ។ ជាពិសេសបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព សមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ហើយបានបង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ការរើសអើង រំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចពលកម្មមកលើជនមានពិការភាព ។
ឯកឧត្តម ស្រី ចាន់ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារជាអាទិភាពមួយក្នុងវិស័យអាទិភាពដទៃទៀត។ ដោយបានកំណត់ក្នុង យុទ្ធសាស្រ្តចតុកោណអំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការបង្កើតក្រប ខ័ណ្ឌជាតិគាំពារសង្គម ការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។

ឯកឧត្តមបានបន្តថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីជនពិការភាព ២០១៩-២០២៣
គឺផ្តោតទៅលើការងារ និង សន្តិសុខសេដ្ឋកិច្ច សេវាសុខភាព និងស្តារលទ្ធភាពពលកម្ម ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កភាពងាយស្រួលការចូលរូមដោយសមភាព សេវាយុត្តិធម៌ និងសិទ្ធិសេរីភាព សមភាពយេនឌ័រ ការកាត់បន្ថយ និងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ។

ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលតាមផែនការយុទ្ធសាស្រ្តខាងលើ សូមគ្រប់អង្គភាព ទាំងអស់យកចិត្តទុកដាក់ក្នុងការសហការ និងអនុវត្តន៍តាមលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យពិការភាពសំដៅបានធ្វើឱ្យសិទ្ធិក្លាយជាការពិត និង តម្លាភាព។
ឯកឧត្តមអគ្គលេខាធិការរង បានជំរុញឱ្យសិក្ខាកាមពាក់ព័ន្ធទាំងអស់ ពង្រឹងនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព និងបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការថ្ងៃនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ឆ្នាំង ក្នុងការពង្រីកនូវចំណេះដឹងឱ្យក្លាយទៅជាអ្នកអនុវត្តន៍ប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងបន្តធ្វើការផ្សព្វផ្សាយ ចែករំលែកនូវបទពិសោធន៍ បន្ត ទាក់ទងនឹងផែនការយុទ្ធសាស្ត្រជាតិ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអនុវត្តអនុសញ្ញាឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅចម្បង គឺបម្រើផលប្រយោជន៍បងប្អូនជនពិការ ៕

ដោយ បៃ ស៊ីថុន