អាជ្ញាធរក្រុងស្ទឹងសែន អំពាវនាវដល់ប្រជាពលរដ្ឋជួយថែរក្សាប្រព័ន្ធលូរំដោះទឹក និងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ

AKP កំពង់ធំ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ —

នៅរសៀលថ្ងៃ១២កើត ខែអស្សុជ ឆ្នាំជូតទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានដឹកនាំសហការីចុះស្តារប្រឡាយរំដោះទឹកភ្លៀងជូនប្រជាពលរដ្ឋប្រវែងជិត៤០០ម៉ែត្រ។

ក្នុងឱកាសនោះលោក ម៉ាក់ ប៊ុនហុង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធជួយថែរក្សាប្រព័ន្ធរំដោះទឹកភ្លៀង ជាពិសេសទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវនៅតាមសហគមន៍រៀងៗខ្លួន។

លោក ម៉ាក់ ប៊ុនហុង លើកឡើងថា ទឹកដែលកកស្ទះទាំងអស់នេះ គឺដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានភ្លៀងធ្លាក់ច្រើន នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្របពេលដែលប្រជាពលរដ្ឋនៅក្នុងក្រុងធ្វើសំណង់ថ្មីៗក្នុងឆ្នាំនេះ រួមផ្សំជាមួយការចាក់ដីរបស់ប្រជាពលរដ្ឋខ្ពស់ជាងផ្លូវ លុបប្រព័ន្ធលូ ។ ការស្នើសុំរៀបចំដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងរបស់បងប្អូនប្រជាពលរដ្ឋ ភ្ជាប់ពីផ្លូវកាត់មុខផ្ទះរបស់ខ្លួនមិនមានភាពស្មើគ្នា និងមានភាពតូចចង្អៀត ដែលមិនគ្រប់គ្រាន់ដើម្បីលំហូរបរិមាណទឹកភ្លៀងចេញពីភូមិដ្ឋាន។

ជាពិសេសការបោះចោលកាកសំណល់ មិនត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋធ្វើឱ្យកកស្ទះមាត់លូផងដែរ។ ដូច្នេះតម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសចៅសង្កាត់គ្រប់រូប មេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ លើការថែរក្សាប្រព័ន្ធលូ និងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវទាំងនៅក្នុងផ្ទះ ទីកន្លែងសាធារណៈជាដើម។

លោកអភិបាលក្រុង បានបន្តថា ដើម្បីឱ្យការងារទាំងអស់នេះ កាន់តែមានប្រសិទ្ធភាព សូមឱ្យប្រជាពលរដ្ឋទាំងអស់ បន្តគោរពច្បាប់ រាល់ពេលធ្វើសំណង់ ធ្វើរបង ចាក់ដីផងដែរ។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋនៅក្នុងសង្កាត់អាចារ្យលាក់ បានសម្តែងនូវសេចក្តីសោមនស្ស សប្បាយរីករាយ និងអរគុណចំពោះការយកចិត្តទុករបស់អាជ្ញាធរក្រុង ក្នុងការជួយថែទាំសុខភាពរបស់ពួកគាត់ ដែលចម្លងដោយទឹកមិនស្អាត តាមរយៈមូស និងភា្នក់ងារចម្លងផ្សេងៗទៀតដែលរស់នៅក្នុងទឹកដក់ នៅក្នុងភូមិដ្ឋានទាំងអស់នេះផងដែរ៕ ដោយ៖ ស៊ុម វណ្ណា(ផ្សាយដោយ៖ កន ចំណាន)