សិក្ខាសាលាបូកសរុបលទ្ធផលការងារ ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០២០ និង លើកទិសដៅការងារឆ្នាំ២០២១

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីត្រួតពិនិត្យលទ្ធផលការងារ ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០២០ និង ទិសដៅការងារឆ្នាំ២០២១ នៅទីស្តីការក្រសួង។

សិក្ខាសាលាដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន និង ដៃគូអភិវឌ្ឍន៍។

ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ដែលបានអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ សម្រេចបានសមិទ្ធផលថ្មីៗគួរឱ្យកត់សម្គា ទាក់ទងនឹងការតាក់តែងរៀបចំលិខិតបទដ្ឋានគតិយុទ្ធ គោលនយោបាយ និង យុទ្ធសាស្ត្រផ្អែកលើស្ថានភាពជាក់ស្តែង និងព័ត៌មានទិន្នន័យវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅរក្សាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លទ្ធផលដ៏ល្អប្រសើរទាំងនេះ អាចសម្រេចទៅបានដោយសារកម្ពុជាមាន សុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំនូវគំនិតផ្តួចផ្តើមជាគោលនយោបាយយុទ្ធសាស្រ្ត ទាក់ទងនឹងការអភិរក្សជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និរន្តរភាពទីក្រុង ទីក្រុងឆ្លាតវៃ និង ការត្រៀមខ្លួនក្នុងការប្រែក្លាយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឱ្យទៅជាអគ្គនាយកដ្ឋានគោលនយោ បាយ នាពេលខាងមុខ។

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ សម្រេចបានកើតចេញពីស្មារតីសាមគ្គីភាពល្អប្រពៃពីមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋាន ដែលបានអនុវត្តន៍នូវតួនាទី និងភារកិច្ចយ៉ាងសកម្មតាមផែនទី ឯកភាពការងាររបស់ក្រសួងបរិស្ថាន និងឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣ របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ដែលមានចក្ខុវិស័យ ផែនការយុទ្ធសាស្ត្រជាក់លាក់ រឹងមាំ និងមានគំនិតផ្តួចផ្តើមថ្មីៗ ព្រមទាំងការចូលរួមសហការល្អពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និង ប្រជាពលរដ្ឋ៕ ដោយ៖ ពេជ្រ ណារិទ្ធ(ផ្សាយដោយ៖ Micheal)