ក្រសួងបរិស្ថាន សហការជាមួយ AMS នឹងរៀបចំការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ក្រោមប្រធានបទ៖ «សម្រស់ស្រុកយើង»

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ —

ក្រសួងបរិស្ថាន សហការជាមួយនឹង AMS នឹងរៀបចំការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ក្រោមប្រធានបទ៖ «សម្រស់ស្រុកយើង» នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងផងដែរថា ការប្រកួតនេះ គឺសម្រាប់មនុស្សទូទៅ ជាពិសេសអ្នកដែលស្រឡាញ់បរិស្ថាន និងចូលចិត្តផ្សព្វផ្សាយអំពីទេសភាពធម្មជាតិ គឺអាចបង្ហាញស្នាដៃតាមរយៈវីដេអូខ្លីស្តីពីបរិស្ថាន ដែលត្រូវបានសហការរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយ AMS។

សម្រាប់អ្នកដែលចង់ចូលរួម គឺអាចដាក់ពាក្យចុះឈ្មោះប្រកួតបានជាលក្ខណៈបុគ្គល ឬ ក្រុមដែលមានទឹកចិត្តស្រឡាញ់ និងមានឆន្ទៈក្នុងការចូលរួមផ្សព្វផ្សាយពីធនធានធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជា។ ហើយសម្រាប់បេក្ខជនជាបុគ្គល ឬក្រុម ត្រូវផលិតវីដេអូឯកសារខ្លីដែលមានរយៈពេលចាប់ពី ៣នាទី ទៅ ៥នាទី ដើម្បីចូលរួមលើកកម្ពស់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងជីវភាពរបស់សហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។ ដោយឡែករាល់វីដេអូដែលផលិត ត្រូវតែជាវីដេអូស្នាដៃថ្មី ប្រកបដោយការច្នៃប្រឌិត មិនមែនជាការចម្លងខ្លឹមសារ ឬ ផ្នែកណាមួយធ្លាប់ផ្សព្វផ្សាយតាមអនឡាញ និងផ្សាយតាមទូរទស្សន៍ ឬជាស្នាដៃដែលធ្លាប់ទទួលបានជ័យលាភីរួចហើយនោះទេ។

ការចុះឈ្មោះទទួលពាក្យនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ជ័យលាភីលេខ១ នឹងត្រូវទទួលរង្វាន់ជាថវិកាចំនួន ៨ ០០០ ០០០ រៀល លេខ២ ទទួលរង្វាន់ជាថវិកាចំនួន ៥ ០០០ ០០០ រៀល លេខ៣ ទទួលរង្វាន់ជាថវិកាចំនួន ៣ ០០០ ០០០ រៀល ខណៈបេក្ខជន ឬក្រុម Top 10 នឹងទទួលបានរង្វាន់ជាថវិកាចំនួន ១ ០០០ ០០០ ររៀល និងរង្វាន់ឧបត្ថម្ភផ្សេងៗទៀត៕

ដោយ៖ផែន រតនៈ(ផ្សាយដោយ៖ កន ចំណាន)