កូនត្រីចម្រុះគ្រប់ប្រភេទបែបធម្មជាតិចំនួន ២០.០០០ក្បាល ត្រូវបានអាជ្ញាធរស្រុកបន្ទាយស្រី យកទៅលែងចូលក្នុងបឹងឈូក

AKP សៀមរាប ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០–

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានដឹកនាំមន្ត្រី និងប្រជាពលរដ្ឋបន្តធ្វើការលែងកូនត្រីចូលទៅបឹងធម្មជាតិនៅព្រឹក១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួន ២០.០០០ក្បាលទៅក្នុងបឹងឈូក ធ្លាប់តែទទួលបានផលពីបឹង ថ្ងៃនេះបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស តាមរយៈការធានានិរន្តរភាពនៃជីវៈចម្រុះ ដើម្បីចីរភាពនៃប្រព័ន្ធអេកូឡូហ្សីនៅក្នុងតំបន់បឹងឈូកលោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ដោយមានការសហការ និងបដិភាគថវិកាពីសហគមន៍ទេសចរណ៍បឹងឈូក រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំឱ្យមានកម្មវិធីលែងពូជកូនត្រីធម្មជាតិចំនួន៣ប្រភេទ(ត្រីប្រា ត្រីក្រាញ់ ត្រីឆ្ពិន) សរុបចំនួន ២០.០០០ក្បាលចូលទៅក្នុងបឹងឈូក ដែលជាបឹងធម្មជាតិមិនចេះរីងស្ងួត មានទឹកថ្លាស្អាតគ្មានការបំពុលបរិស្ថាន និងជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយនៅក្នុងស្រុកបន្ទាយស្រី ។

លោកអភិបាលស្រុក បានបញ្ជាក់ថា កន្លងមករដ្ឋបាលស្រុកបានជំរុញឱ្យសហគមន៍បឹងឈូក ពង្រីកវិសាលភាពរបស់ខ្លួនបន្តិចម្តងៗពីសហគមន៍ទេសចរណ៍ មកជាសហគមន៍ដែលជួយគាំពារការងារអភិរក្ស ដូចជា ថែរក្សាព្រៃលិចទឹកក្បាលជប់ ដាំដើមកោងកាងទឹកសាបឡើងវិញ យាមល្បាតការដាក់មង ចាប់យកសត្វស្លាប និងការឆក់ត្រីខុសច្បាប់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅបន្តរាយមងដាក់យកត្រីនៅក្នុងបឹងនេះផងដែរ ដែលជាសកម្មភាពមួយគួរត្រូវបានហាមឃាត់ ព្រោះវាអាចបណ្តាលឱ្យមានការសឹក រិចរិលនៃធនធានធម្មជាតិ និងបាត់លំនឹងតុល្យភាព នៃជីវចម្រុះរបស់បឹង។

លោកបន្ដថា ខ្ញុំចេះតែលួចស្រមៃថាប្រសិនបើថ្ងៃណាមួយបឹងនេះក្លាយទៅជាបឹងស្ទូចត្រីធម្មជាតិ មិនដឹងជាល្អយ៉ាងណាទេ។ សហគមន៍អាចហាមឃាត់ការដាក់មង តែបង្កើតជាកន្លែងស្ទូចត្រីដោយយកកម្រៃតិចតួចដើម្បីទាក់ទាញភ្ញៀវទេសចរ និងយកថវិកាដែលរកបានទៅទិញកូនត្រីធម្មជាតិ សម្រាប់ចាក់បំពេញបន្ថែមវិញជាប្រចាំ មួយឆ្នាំម្តង ឬពីរដងក៏បាន។ ប្រសិនបើធ្វើបែបនេះបាន វានឹងក្លាយទៅជាគំរូនៃការអភិវឌ្ឍប្រកបដោយចីរភាពមួយ ហើយសូម្បីតែពិធីលែងកូនត្រីប្រចាំឆ្នាំក៏អាចក្លាយទៅជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏គួរឱ្យទាក់ទាញមួយបានផងដែរ។ លោក ឃឹម ហ្វីណង់ បានបញ្ចេញជាទិសស្លោកថា ការអភិវឌ្ឍប្រកបដោយ ចីរភាព គឺជាការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលបច្ចុប្បន្ន ដោយមិនបង្កឱ្យមានវិនាសកម្មដល់ថ្ងៃអនាគត ។ លោកចង់បានទេសចរណ៍ជនបទ ទេសចរសហគមន៍ឱ្យរីកចម្រើនក្នុងមូលដ្ឋាន៕ ដោយ៖សួស សំរិត(ផ្សាយដោយ៖ កន ចំណាន)