កិច្ចប្រជុំពិភាក្សា ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CAP Fish-Capture និង CaP Fish Aquaculture

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០–

នារសៀលថ្ងៃ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅឯទីស្តីការ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CAP Fish-Capture និង CaP Fish Aquaculture។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គការដៃគូអភិវឌ្ឍន៍ នាយកអង្គការ FAO, AFD and Unido និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកជំទាវ ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកជំទាវឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាលជលផលទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។

កិច្ចប្រជុំពិភាក្សានាពេលនេះ មានបំណងពិភាក្សា ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CAP Fish-Capture និង CaP Fish Aquaculture ពិនិត្យលើលទ្ធផលដែលបានសម្រេច កំណត់ចំណុចខ្លាំង និងចំណុចខ្សោយ រួចឈានទៅដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗថែមទៀត សម្រាប់អនុវត្តន៍បន្តដើម្បីជំរុញវិស័យមួយនេះឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ ។ ជាពិសេសឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍វិស័យវារីវប្បកម្ម។ ស្តែងចេញពីសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចសហការ និងគាំទ្រពីសហភាពអឺរ៉ុប ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកម្លាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម ធ្វើឱ្យវិស័យមួយនេះមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។

ពិសេសជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២.០០០លានរៀល ដើម្បីជួយដល់វិស័យវារីវប្បកម្មផងដែរ។

ក្នុង​ឱកាសនេះដែរលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានធ្វើការវាយតម្លៃជារួមលើលទ្ធផលរបស់គម្រោងដែលសម្រេចបាន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកជំទាវបានបន្តទៀតថា កិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ ព្រោះបាននាំយកភាគីពាក់ព័ន្ធគម្រោងមកពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CAP Fish-Capture និង Cap fish Aquaculture និងលើកទិសដៅអនុវត្តន៍បន្ត ដើម្បីឱ្យការអនុវត្តគម្រោងសម្រេចទទួលបានជោគជ័យដូចការគ្រោងទុក។ លោកជំទាវបានបន្តទៀតថា វិស័យកសិកម្ម ពិសេសវារីវប្បកម្ម បាននឹងកំពុងចូលរួមយ៉ាងសកម្ម និងចាំបាច់ក្នុងកំណើនសេដ្ឋកិច្ចជាតិ រក្សាបាននូវនិរន្តរភាពស្បៀង និងបង្កើនកម្រិតជីវភាព ក្នុងខណ:ដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ លោកជំទាវបានសន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យមួយនេះ ពិសេសវិស័យវារីវប្បកម្មធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិទាំងទឹកសាប និងសមុទ្រប្រកបដោយចីរភាព។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអង្គពិធីផងដែរថា  EU នឹងមានគម្រោងថ្មីៗ សម្រាប់ជួយដល់វិស័យកសិកម្ម ដោយលោកជំទាវនឹងរកពេលវេលាសមស្របណាមួយដើម្បីជួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តី នាពេលខាងមុខ។ លោកជំទាវសង្ឃឹម និងជឿជាក់ថា តាមរយ:គម្រោងដែលបាននិងកំពុងអនុវត្តន៍ នឹងពិតជាបានជួយដល់វិស័យកសិកម្ម និងរឺតចំណងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងEU ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

គួរបញ្ជាក់ផងដែរ កិច្ចប្រជុំនាពេលនេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមួយចំនួនដូចជា វឌ្ឍនភាពនៃគម្រោង បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តន៍បន្តធ្វើយ៉ាងណាឱ្យការអនុវត្តកម្មវិធីនេះមាននិរន្តរភាព និងទទួលបានជោគជ័យ។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរបានឯកភាពគ្នាថា ឱ្យក្រុមការងារបច្ចេកទេសបន្តពិភាក្សាគ្នាលើចំណុចសំខាន់ៗមួយចំនួនទៀតដែលនៅសេសសល់ និងគួរតែចុះវាយតម្លៃដោយផ្ទាល់នៅតាមខេត្តគោលដៅដើម្បីទទួលបានព័ត៌មានសំខាន់ៗទាំងវិជ្ជមាន និងអវិជ្ជមាន ដែលអាចយកជាប្រយោជន៍ក្នុងការវាយតម្លៃជាលើកចុងក្រោយមុនកម្មវិធីត្រូវបានបញ្ចប់ ៕ ដោយ សេង សុវណ្ណនី (ប្រពភៈក្រសួងកសិកម្ម)