ក្រសួងបរិស្ថាន បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីថ្ងៃ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ «ការផ្តល់សុពលភាពលើរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ រៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព មានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេក ទេសប្រែប្រួលអាកាសធាតុ តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ៧៩នាក់ ។

ប្រភពដដែលបន្តថា កិច្ចប្រជុំនេះមានគោលបំណង៖ ១) បង្ហាញពីរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា (NDC Update) ។ ២) ស្វែងរកការបញ្ជាក់អះអាង ការផ្ទៀងផ្ទាត់ និងការឯកភាពលើលទ្ធផល នៃការធ្វើសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ និងការស្នើឡើងនូវសកម្មភាពកាត់បន្ថយព្រមទាំងវិធានការបន្ស៊ាំនានា និង។ ៣)ផ្តល់សុពលភាពសេចក្តីព្រាងរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។

របាយការណ៍ NDC Update លើកទី២នេះ មិនគ្រាន់តែបង្ហាញអំពីជំហររបស់ប្រទេសកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសកម្មភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវកម្មវិធីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈកម្មវិធី/គម្រោងដូចជា គម្រោង REDD+ និងថាមពលកកើតឡើងវិញជាដើម។ល។

ឯកឧត្តម បានកោតសរសើរ និងអរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ដូចជា (UNDP, World Bank, GGGI, UN Women, WHO, FAO, UK Embassy, NDC Partnership ។ល។) ដែលចូលរួមគាំទ្ររៀបចំរបាយការណ៍ដ៏មានសារៈសំខាន់នេះឱ្យលេចជារូបរាងឡើង និងពិនិត្យផ្តល់យោបល់លើសកម្មភាពអាទិភាពនៃផ្នែកនិងវិស័យនីមួយៗ ដើម្បីឱ្យសម្រេចបានតាមផែនការសម្រាប់ដាក់ជូនទៅលេខាធិការដ្ឋាន UNFCCC នៅខែតុលា ឆ្នាំ២០២០ខាងមុខនេះ ។ ពិសេសដើម្បីបង្ហាញការចូលរួមរបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទកំពូលលើកទី២៦ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ឆ្នាំ២០២១ នៅប្រទេសអង់គ្លេស។

ឯកឧត្តម បានមានប្រសាសន៍ថា សូមបញ្ជាក់ថា ចំណុចមួយដែលមិនទាន់បានឯកភាពគឺការកំណត់ Scenario សម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នពីវិស័យព្រៃឈើ និងការប្រែប្រួលការប្រើប្រាស់ដី និងរង់ចាំការសម្រេចពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព៕ ដោយ៖ពេជ្រ ណារិទ្ធ(ផ្សាយដោយ៖ កន ចំណាន)