អភិបាលខេត្ត​បន្ទាយមានជ័យ កោតសរសើរ​កងកម្លាំង​ប្រដាប់អាវុធ​កំពុង​អន្តរាគមន៍​ជួយ​ច្រូត កាត់​ស្រូវ​ប្រជាកសិករ ដែល​លិច​ទឹក​

AKP បន្ទាយមានជ័យ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០–​អភិបាលខេត្ត​បន្ទាយមានជ័យ​ឯកឧត្តម អ៊ុំ រាត្រី បាន​ថ្លែង​កោតសរសើរ​ដល់​ទឹកចិត្ត​កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ ដោយ​មិន​គិតពី​ការនឿយហត់ ចុះជួយ​ច្រូតស្រូវ​បងប្អូន​ប្រជាកសិករ​ដែល​កំពុងរ​ង ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​តំបន់​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​។​

​ការ​ថ្លែង​បែបនេះ​ក្នុងឱកាស​ឯកឧត្តម អ៊ុំ រាត្រី ចុះ​ជួប​សួរសុខទុក្ខ​កងកម្លាំង​កងពលតូច ថ្មើរជើង​លេខ​៥១ និង​កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​ចុះជួយ​ច្រូត ស្រូវ​លិច​ទឹក​របស់​ប្រជាកសិករ​ជាង ២០​ហិកតា ក្នុងភូមិ​ក្រមល់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី កាលពី​រសៀល​ថ្ងៃ​១១​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៨ ខែ កញ្ញា ឆ្នាំ​២០២០ ព្រមទាំង​បាន​នាំយក​ភេសជ្ជ​: និង​ប្រេងសាំង​ចំនួន ៣០០​លីត្រ ផ្តល់ជូន​កង កម្លាំង​ដែល​កំពុង​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​។​
​ ​ឯកឧត្តម​បាន​ថ្លែង​ទៀតថា បើ​គ្មាន​ការចុះ​ជួយ​ទាន់​វេលា​ទេនោះ​ស្រូវ​ដែល​លិចលង់​នេះ នឹងត្រូវ​ខូចខាត​ទាំងស្រុង ថ្វី​ត្បិត​មិនអាច​ធ្វើការ​ច្រូតកាត់​បាន​ទាំងស្រុង​តែ​អាច​ដណ្តើមបាន ខ្លះ​ចេញពី​ទឹកជំនន់ ដើម្បី​ជា​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ការរស់នៅ​បាន​មួយរយៈ​ពេល​ដែរ​។

​លោកស្រី គង់ សុភាព មេឃុំ​រហាត់ទឹក បាន​លើកឡើងថា ស្រូវ​បង្កើន​រដូវ​របស់​ប្រជាកសិករ​ក្នុង​ឃុំ​នេះ ពួកគាត់​ធ្វើស្រែ​បាន​ច្រើន​សម្រាប់​ឆ្នាំនេះ​។ ប៉ុន្តែ​ដោយសារតែ​ជួប​គ្រោះ​រាំង ស្ងួត​អូសបន្លាយ​រយៈពេល​យូរ​នា​ដើមរដូវ​នោះបាន​ធ្វើឱ្យ​ស្រូវ​ដែល​បងប្អូន​ធ្វើបាន​ត្រូវ​ងាប់​អស់​ស្ទើរ​គ្មាន​សល់​។ លោកស្រី​បានឱ្យដឹង​បន្ថែមទៀតថា ស្រូវ​ដែល​នៅ​សេសសល់​តិចតួច ឥឡូវ នេះ​ត្រូវបាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ចំពេល​ដែល​ស្រូវ​កំពុង​ទុំ​ជិត​ល្មម​ច្រូតកាត់​នោះ​។​
​លោក​វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បានលើកឡើង ថា នេះ​ជា​ថ្ងៃទី​២​ហើយ​ដែល​កងកម្លាំង​កងពល​តូច បាន​ចុះជួយ​ច្រូតកាត់​បងប្អូន​ប្រជាកសិករ ក្នុងភូមិ​នេះ​។ ថ្វី​ត្បិត​មានការ​លំបាក​បន្តិច​ក្តៅ ត្រូវ​ត្រាំ​ក្នុង​ទឹក​យូរ​ម៉ោង ប្រឈម​នឹង​ការ​វាយ​ប្រ ហារ​ខ្លះ​ពី​សំណាក់​ពពួកសត្វ​អ​សិ​រពឹស តែ​បងប្អូន​កងកម្លាំង​យើង​មានការ​រីករាយ​ក្នុង​ការជួយ ច្រូតកាត់ ប្រមូល​ផល​ស្រូវ​ពី​ក្នុង​ទឹក​រហូត​រួចរាល់​ទាំងស្រុង​។​

ក្នុងឱកាស​នោះដែរ​អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បាន​ជំរុញ​ដល់​អា ជ្ញា​ធរ​ដែនដី សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ឱ្យ​បង្កើន​ការយកចិត្ត ទុកដាក់​ក្នុងការ​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​យើង នៅក្នុង​តំបន់​ដែល​ទទួលរង​ដោយសារតែ​ជំនន់ ទឹកភ្លៀង​ឱ្យបាន​ទាន់ពេលវេលា និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​កូនចៅ​តូចៗ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត មិនត្រូវ​ឱ្យ​លេង​ទឹក ឡើងដើមឈើ​នោះទេ ចៀសវាង​ការ​លង់ទឹក សត្វ​តិច ឬ​ខាំ និង​ការរស់នៅ​ត្រូវប្រកាន់យក​នូវ​អនាម័យ​ស្អាត​ជានិច្ច ៕​ដោយ ឈុន សា​រ៉ា​ត​