ក្រុមកង់មនុស្សធម៌ គាំទ្រអតីតយុទ្ធជន បានជិះពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកល្វាឯម ដើម្បីចែកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន ៧៥គ្រួសារ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិ និង ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកណ្តាល លោក កន សុខកាយ អភិបាលស្រុកល្វាឯម រួមជាមួយនឹងក្រុមជិះកង់ក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿន ច័ន្ទលីលប៉ូឡែន អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំយុវជន និងចូលរួមជិះកង់ពីក្រុងតាខ្មៅ ទៅស្រុកល្វាឯម ដើម្បីការងារមនុស្សធម៌គាំទ្រអតីតយុទ្ធជន និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន ៧៥គ្រួសារ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០។

ថ្លែងនៅចំពោះមុខគ្រួសារអតីតយុទ្ធជន ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា៖ ៉ “យើងទាំងអស់គ្នាសុទ្ធតែទទួលនូវមេរៀនដ៏ជូរចត់ក្នុងជីវិត។ ដូចនេះបងប្អូន ត្រូវតែចងចាំត្រូវតែរួមគ្នាទប់ស្កាត់កុំឲ្យវិនាសកម្មបែបនេះកើតឡើងម្តងទៀតជាដាច់ខាត ។ យើងទាំងអស់គ្នាក៏ត្រូវខិតខំរួមគ្នាថែរក្សាការពារ នូវសុខសន្តិភាព ដែលយើងទាំងអស់កំពុងតែទទួលបាននេះឲ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ និងត្រូវរួមគ្នាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តការដឹកនាំរាជរដ្ឋាភិបាល និងគាំទ្រនូវគោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត”។

ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានណែនាំដល់បងប្អូនដែលជាគ្រួសារអតីតយុទ្ធជនទាំងអស់ សូមថែរក្សាសុខភាពតាម រយៈការអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ ។

ឯកឧត្តមបន្តថា អំណោយដែលយកមកចែកជូននាពេលនេះថ្វីត្បិតតែបន្តិចបន្តួចមែន តែវាអាចជួយសម្រាលការលំបាកបងប្អូនបានមួយគ្រាផងដែរ។

ដោយ ផែន រតនៈ