ឯកអគ្គរដ្ឋទូតសិង្ហបុរី ឈ្វេងយល់អំពីការអភិវឌ្ឍ និងការរីកចម្រើនរបស់ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម Michael Tan  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួប ពិភាក្សាការ ងារជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងឈ្វេងយល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរូមដោយលោកអភិបាលរងខេត្ត អភិបាលក្រុង និងមន្ទីរពាក់ព័ន្ធផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ឯកឧត្ដមអគ្គរដ្ឋទូតប្រទេសសិង្ហបុរី ដោយគូសបញ្ជាក់ថា ប្រទេសសិង្ហបុរី ជាស្ថាបនិកបង្កើត អាស៊ាន ហើយកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសសិង្ហបុរី ជាយូរមកហើយ ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្រ្ត ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានកោះ៣២ មានកំពង់ផែទឹកជ្រៅ មានទំនិញដឹកជញ្ជូនឆ្លងកាត់ទូទាំង ប្រទេស៧០ភាគរយ។ រាជរដ្ឋាភិបាលបានកំណត់យក ឆ្នាំ២០៣០ យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដើម្បីជំរុញកំណើន សេដ្ឋកិច្ចជាតិ ថ្វីត្បិតការអភិវឌ្ឍខេត្តមាន ការយឺតយ៉ាវនៅហេដ្ឋារចនាសម្ព័ន្ធមិនទាន់ ឆ្លើយតប តាមតម្រូវការ នៃការអភិវឌ្ឍ ទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាកសាងផ្លូវ ៣៤ខ្សែ និងត្រូវបញ្ចប់នៅ ចុងខែមេសា ឆ្នាំ២០២១ខាងមុខ និងការស្ដារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ។

ឯកឧត្តមបន្តថា បច្ចុប្បន្នខេត្តមានកំពង់ផែទឹកជ្រៅអាចឱ្យនាវាដឹកជញ្ជូនចូលចត ដែលមានជម្រៅទឹក ៨,៥០ម៉ែត្រ ។ រាជរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ជប៉ុន កសាងកំពង់ផែ ៤ដំណាក់កាលបន្តទៀត គឺចាប់ពីឆ្នាំ២០២០ ដល់ ២០២៥ ពីរដំ ណាក់កាល បង្កើនសមត្ថភាពឱ្យនាវាមានជម្រៅទឹក ១៣ម៉ែត្រ ចូល ចតធ្វើឱ្យយតម្លៃដឹក ជញ្ជូនក្រកួតប្រជែងមានការធ្លាក់ចុះជិតបួនដង នឹងបន្តទៅដំណាក់កាលទី៣ ទី៤ ឱ្យនាវាមាន ជម្រៅទឹក ១៤ម៉ែត្រចូលចត។ ខេត្តមានព្រលានយន្ត ហោះអន្តរជាតិអាចឱ្យ យន្តហោះ ៣.E ចុះចតបាន និងបន្តពង្រីកដល់ ៤.E  ដែលមានផ្លូវរត់រហូតដល់ ៣.២០០ម៉ែត្រ។ ខេត្តព្រះសីហនុ ជាខេត្តផលិតថាមពលអគ្គិសនី ចែកចាយទៅបណ្ដាញជាតិនៅទូទាំង ប្រទេស បច្ចុប្បន្នខេត្តផលិតថាមពលអគ្គិសនីបាន ១.០០០មេហ្គាវ៉ាត់ ហើយការប្រើប្រាស់ ក្នុងខេត្ត ក្នុងរង្វង់តែ ១០០មេហ្គាវ៉ាត់។ បញ្ហាទឹកស្អាត ដោយសារឆ្នាំកន្លងមកជួបបញ្ហា ប្រឈមដោយសារកំណើនអ្នកវិនិយោគមកយ៉ាងកំហុគ ក៏ប៉ុន្តែមកដល់បច្ចុប្បន្នយើងផលិត ទឹកស្អាតបានរហូត ១០ម៉ឺនម៉ែត្រគុប ហើយបរិមាណទឹកប្រើប្រាស់សព្វថ្ងៃត្រឹមតែ ៧ម៉ឺនម៉ែត្រ គុប រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតរហូត ២០ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។ ខេត្តសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែង ដោយមានការការ សហការជាមួយ ក្រុមហ៊ុនសិង្ហបុរីផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តព្រះសីនុ ជាតារារះនាទិសនិរតី ដោយផ្ដើម ចេញពីឆ្នេរសមុទ្រ សស្អាត ខ្យល់អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការ ទាក់ទាញភ្ញៀវទេសចរ និងអ្នក វិនិយោគមកកាន់ខេត្តព្រះសីហនុ មានការកើនឡើង។

ឯកឧត្តម Michael Tan  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានថ្លែង អំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ត្រីរាជការ ដែលបានចំណាយពេលវេលា អនុញ្ញាតឱ្យលោកចូលជួបពិភាក្សាឈ្វេងយល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ម៉្យាងទៀតឆ្នាំនេះជាខួបការទូតទី ៥៥ រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ចំណេះដឹងជាដើម។ល។  ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេស សិង្ហបុរី និងកម្ពុជាមាន ៤,៨ពាន់លានដុល្លារ, ឆ្នាំ២០១៩ មាន ៤.២ពាន់លានដុល្លារ ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ មាន ២ពាន់លានដុល្លារ។

ឯកឧត្តម Michael Tan សង្ឃឹមថា នៅពេលដែល Covid-19 បញ្ចប់អ្នកវិនិយោគ ប្រទេសសិង្ហបុរីនឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត ក្រុមវិនិយោគសិង្ហបុរី ក៏មកធ្វើការវិនិយោគនៅគម្រោងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ និង គម្រោងហេដ្ឋារចនាសម្ព័នអាស៊ីទៅវិញទៅមក រវាងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្ត ព្រះសីហនុ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតសិង្ហបុរី ចង់ឃើញតំបន់ណាខ្លះដែលយើងធ្វើការអភិវឌ្ឍរួមគ្នា និងសង្ឃឹមថា នៅពេលចប់ Covid-19 នឹងមាននាវាទេសចរណ៍ធំៗយ៉ាងច្រើនចូលចតនៅ កំពង់ផែខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ៕

ដោយ ងូ សុមុនី