សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា​ ពេលវិបត្តិកូវីដ ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាតនៃក្តីសង្ឃឹមរបស់សហព័ន្ធសន្តិភាពសកល ដែលរៀបចំធ្វើនៅ សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក មានវិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាមរយៈការសម្របសម្រួល ការត្រួតពិនិត្យ តាមដាន និងការអនុម័តច្បាប់សំខាន់ៗ និងការអនុម័តនូវកញ្ចប់ថវិកាសង្រ្គោះឆ្លើយតបនឹង តម្រូវការរបស់ប្រជាពលរដ្ឋ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា ការដោះស្រាយបញ្ហាកូវីដ១៩ ទាមទារឱ្យធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ជាកត្តាសំខាន់និងមិនអាចខ្វះបាន។  សម្តេចប្រធានរដ្ឋសភា បានចែករំលែកបទ ពិសោធន៍ ដែលកម្ពុជាបានគ្រប់ គ្រងស្ថានភាពជំងឺកូវីដ១៩ ប្រកបប្រសិទ្ធភាពខ្ពស់តាមរយៈការ អនុវត្តប្រតិបត្តិនូវវប្បធម៌ចែករំលែក និងសាមគ្គីភាព ដល់មហាសន្និបាតផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកឡើងថា ការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ទាមទារថវិកា សម្ភារបរិក្ខារ និងកម្លាំងមនុស្សច្រើន។ កម្ពុជាបានរួមគ្នាបរិច្ចាគ និងចែក រំលែកនូវធនធាន តាមលទ្ធភាពគ្រប់ភាគីមានស្ថាប័នរដ្ឋ ឯកជន គូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋា ភិបាលទៅដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្តោតសំខាន់លើវិស័យកសិកម្ម កសិ-ឧស្សាហ កម្ម ការប្រែក្លាយផ្នែកឌី ជីថល និងទេសចរណ៍ក្នុងស្រុក ដែលជាវិស័យអាទិភាព។ ដើម្បីស្តារ និងកសាងសង្គមជាតិ នៅពេលនេះ និងក្រោយវិបត្តិកូវីដ១៩បញ្ចប់ទៅ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា​ គេគួររៀបចំផែនការស្តារឡើងវិញប្រកបដោយភាពជាក់លាក់ ដោយដាក់ចេញនូវសេណារី យ៉ូចាំបាច់ សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗនូវការធ្វើដំណើរឆ្លងកាត់ និងប្រតិបត្តិការ ពាណិជ្ជកម្ម ព្រមទាំងការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ និង ត្រូវថែរក្សាសុខសន្តិភាពនៅក្នុងតំបន់និងសកលលោក ជាចម្បងនិងចាំបាច់។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពត្រូវដើរទន្ទឹមគ្នា នឹងការអភិវឌ្ឍ និងត្រូវមានវិធានការបង្កើនការគាំពារសង្គមបង្កើនសមត្ថភាព និងប្រសិទ្ធភាព ក្នុងប្រព័ន្ធសុខាភិបាល និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម ពន្លឿនការប្រែក្លាយបច្ចេក វិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាព ហើយសភាត្រូវយកចិត្តទុកដាក់នៅក្នុងការអនុម័តច្បាប់ និង គោលនយោបាយពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ សំដៅធានាផ្តល់ផលប្រយោជន៍ដល់ប្រទេស ទាំងអស់ក្នុងតំបន់និងសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍នូវសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចបានសម្តែងការកោតសរសើរលោកស្រីបណ្ឌិត ហាក់ ចា ហាន មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល ដែលបានរៀបចំវេទិកាដ៏មានសារៈ ប្រយោជន៍ នេះឡើង​ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក ទាំងអ្នកនយោបាយ អ្នកដឹកនាំ សាសនា អ្នកសេដ្ឋកិច្ច អ្នកសារព័ត៌មាន និងអ្នកសិក្សាស្រាវជ្រាវ បានបញ្ចេញនូវទស្សនៈ មតិយោបល់ និងបទពិសោធន៍ជាគន្លឹះក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋខ្លួន និងសកលលោក ដើម្បីសម្រេចបានពិភពលោកមួយមានសុខ សន្តិភាព សុខដុមរម្យនា និងវិបុលភាព។

សូមជម្រាបថា សហព័ន្ធសន្តិភាពសកល ដែលហៅកាត់ថា UPF ជាអង្គការមិន មែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងលោកស្រីហាក់ ចា ហាន មូន (Hak Ja Han Moon) នៅឆ្នាំ២០០៥។ អង្គការនេះ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ តាមរយៈការប្រមូលមតិ យោបល់ ពីមហាសន្និបាតប្រចំាឆ្នាំរបស់ខ្លួន ក្រោមប្រធានបទជាក់ស្តែងដែលកំពុងកើតមាន៕

ដោយ ប៉ាល់ សុង