អភិបាលខេត្ត ចុះសួរសុខទុក្ខ និងពិនិត្យអ្នកកើតជំងឺគ្រុនឈីក នៅស្រុកល្វាឯម 

AKP​ កណ្ដាល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០–

នៅថ្ងៃ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង ឯកឧត្តម ង៉ែត​ ឆៃលាង​ អនុប្រធានក្រុមការ​ងារ​គណបក្ស​​ចុះមូលដ្ឋានឃុំព្រែកឫស្សី លោកប្រធានមន្ទីរសុខាភិបាលខេត្ត ស្នងការខេត្ត អភិបាលស្រុកល្វាឯម សាខាកាក បាទក្រហមកម្ពុជាខេត្ត ក្រុមគ្រូពេទ្យជំនាញពាក់ព័ន្ធជាច្រើននាក់ បានចុះសួរសុខទុក្ខ និងពិនិត្យ ព្យាបាលសុខភាព និងនាំយកអំណោយដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពិគ្រោះ ព្យាបាលជំងឺ ដោយមានការសង្ស័យថា ជាជំងឺគ្រុនឈីក ដែលរស់នៅភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ស្ថិតនៅលើឧបដ្ឋានសាលា នៃវត្តជ្រោយស្តី ហៅវត្តពាមស្តី។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺ ខ្ញុំព្រះករុណាខ្ញុំបាទបាននាំយកនូវថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងការរួមចំណែកថវិកាខ្ញុំបាទផ្ទាល់ ព្រមទាំងថវិការបស់ ឯកឧត្តមប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយឃុំព្រែកឫស្សី ដើម្បីផ្តល់ជូនដល់បងប្អូនផ្ទាល់ ។

ក្នុងនោះអ្នកជំងឺកំពុងព្យាបាល​ចំនួន១៩នាក់​ បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ២០ម៉ឺនរៀល រីឯអ្នកជំងឺដែលបានព្យាបាលជាសះស្បើយចំនួន ៧២នាក់​ បានឧបត្ថម្ភក្នុងម្នាក់ៗ ៧ម៉ឺនរៀល ដោយឡែកអ្នកចូលរួមជាក្រុមគ្រួសារអ្នកជំងឺចំនួន ១២៤នាក់​ បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ៧ម៉ឺនរៀលផងដែរ ។

នៅយប់នោះក្រុមគ្រូពេទ្យបាននាំគ្នាបាញ់សម្លាប់មូស ដាក់ថ្នាំអាប៉ែត តាមអាងទឹក បាងទឹករបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកឫស្សី ហើយបានយកចិត្តទុកដាក់តាមដាន និងព្យាបាលអ្នកជំងឺបានធូរស្រាល និងជាសះស្បើយ ជាបន្តបន្ទាប់ ដោយឡែកនៅសល់តែ១៩នាក់ទៀត ក្រុមគ្រូពេទ្យបាននិងកំពុងយកចិត្តទុកដាក់តាមដាន និងព្យាបាលបន្តទៀត៕ ដោយ៖ណយ នឿន(ផ្សាយដោយ៖ កន ចំណាន)