Khmer United ឈ្នះជើងឯក ខណៈ TN Kandal ឈ្នះជើងឯកលីគព្រឹត្តិការណ៍ KW CAMBODIA រដូវកាល ២០២០

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០–

ក្រុមបាល់ទាត់ Khmer United បានឈ្នះជើងឯក KW CAMBODIA CUP ខណៈក្រុម TN Kandal បានឈ្នះជើងឯក KW CAMBODIA LEAGUE រដូវកាល ២០២០ ជាមួយនឹងទឹកប្រាក់ ៤០លានរៀល។

ព្រឹត្តិការណ៍កីឡាបាល់ទាត់ពាក់កណ្តាលអាជីព KW CAMBODIA LEAGUE រដូវកាល ២០២០ បានបញ្ចប់ដោយជោគជ័យ ក្រោយពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន KW CAMBODIA CUP កាលពីល្ងាច១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅកីឡដ្ឋាន KMH PARK ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុម Khmer United បានយកឈ្នះ ក្រុម AVATAR ខណៈក្រុម ISI ដង្កោសែនជ័យ បានប្រកួតឈ្នះក្រុម Riel Phnom Penh ក្នុងការប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់លេខ៣។

សម្រាប់ប្រាក់រង្វាន់ជ័យលាភី រួមមាន៖ KW CAMBODIA LEAGUE ដែលគ្រប់គ្រងជើងឯកដោយក្រុម TN Kandal ទទួលបានពាន១ អមដោយមេដាយមាស ៣០គ្រឿង បាល់ចំនួន៣ អមដោយប្រាក់រង្វាន់ចំនួន ៤០លានរៀល។

ជើងឯកពានតូច Khmer United ទទួលបាន ២០លានរៀល, ជើងឯករង Avatar ១០លានរៀល, ក្រុម ISI ដង្កោសែនជ័យ ចំណាត់ថ្នាក់លេខ៣ ទទួលបាន ៥លានរៀល, លេខ៤ Riel Phnom Penh ទទួលបាន ៣លានរៀល។ ក្រុមមានវិន័យល្អទទួលបាន ២លានរៀល បានទៅលើក្រុមគ្រួសារកីឡាករតាំងគោក, កីឡាករទាត់បញ្ចូលទីច្រើនជាងគេទទួលបាន ១លានរៀល បានទៅលើកីឡាករក្រុម TN កណ្តាល, អ្នកចាំទីល្អបានទៅលើកីឡាករ យឿង សុផានិត នៃក្រុម Khmer United ទទួលបាន ១លានរៀល និងមន្ត្រីអាជ្ញាកណ្តាលល្អទទួលបាន ៤០ម៉ឺនរៀល សរុបប្រាក់រង្វាន់ជ័យលាភីមានចំនួន ៨២លាន ៤០ម៉ឺនរៀល។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW CAMBODIA និងជាស្ថាបនិកព្រឹត្តិការ ណ៍បាល់ទាត់ KW CAMBODIA League ថ្លែងក្រោយបញ្ចប់ព្រឹត្តិការណ៍ថា KW CAMBODIA League រដូវកាល ២០២០ ជាឆ្នាំទី៩ ដែលលោកឧកញ៉ាបានរៀបចំព្រឹត្តិការណ៍នេះឡើង ហើយក៏ជាឆ្នំាលំបាក ដែលអូសបន្លាយការប្រកួតជាង៤ខែ ដោយសារបញ្ហាវិបត្តិកូវីដ-១៩ ប៉ុន្តែយើងទាំងអស់គ្នារួមទាំងក្រុមចូលរួមទាំងអស់បានតស៊ូរហូតបានដល់បញ្ចប់ដោយជោគជ័យ។ លោកឧកញ៉ាបង្ហាញថា នេះជាមោទនភាពមួយរបស់ KW CAMBODIA ដែលជាក្រុមហ៊ុនឯកជនមួយដំបូងគេ នៅស្រុកខ្មែរ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការបង្កើតពានបាល់ទាត់អស់រយៈពេល៩ឆ្នាំមកនេះ ហើយលោកឧកញ៉ាប្តេជ្ញាថានឹងបន្តរៀបចំការប្រកួតនៅឆ្នាំបន្តបន្ទាប់ទៀត ក៏ដូចជា ការបង្ហាញផ្លូវមួយដល់បណ្តាក្រុមហ៊ុនដទៃៗទៀត រួមគ្នាជួយបំផុសស្មារតីឱ្យយុវជនយើងចូលរួមលេងកីឡាឱ្យបានកាន់តែច្រើន ចៀសវាងការប្រព្រឹត្តអំពើខុសឆ្គង និងគ្រឿងញៀនជាដើម។

លោកបណ្ឌិត គីម ហ៊ាង អះអាងថា នៅរដូវកាល ២០២១ ដែលជាខួបលើកទី១០ ឆ្នាំនៃព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្តាលអាជីពនេះ នឹងរៀបចំកាន់តែពិសេសនូវអ្វីដែលមិនធ្លាប់មាន៩ឆ្នាំកន្លងមក ហើយប្រាក់រង្វាន់សម្រាប់ក្រុមជ័យលាភីនឹងកើនឡើង៕ ដោយ៖ហេង ណាលីន(ផ្សាយដោយ៖ កន ចំណាន)