សត្វប្រវឹកជិត៤០០ក្បាល ចាប់បានពីអ្នករកស៊ីខុសច្បាប់ ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី

AKPខេត្តសៀមរាប ថ្ងៃទីp២៧ ខែកញ្ញា ឆ្នាំ២០២០-

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យបានឱ្យដឹងថា សត្វប្រវឹកដែលសមត្ថកិច្ចរឹបអូស និងសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ នៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០នេះ បានយកមកលែងឱ្យមានសេរីភាពនៅសហគមន៍ទេសចរណ៍បឹងឈូកក្នុងស្រុកបន្ទាយស្រី ដោយមានការចូលរួមពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាបទទួលបន្ទុកការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច។

លោកបានបន្តថា ដោយហេតុតែថា បឹងឈូកមានតំបន់ព្រៃក្បាលជប់លិចទឹក ដែលតែងតែមានសត្វស្លាបចុះ និងរស់នៅជាប្រចាំ ហើយសហគមន៍នៅទីនេះមានការគ្រប់គ្រងល្អនិងប្តេជ្ញាខ្ពស់លើការងារអភិរក្សជីវៈចម្រុះតំបន់នេះមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការលែងសត្វប្រវឹកទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍សម្រាប់អ្នកស្រលាញ់សត្វស្លាបនាពេលអនាគតផងដែរ ប្រសិនបើសត្វស្លាបទាំងនេះចាប់យកបឹងឈូកជាទីជម្រក ដោយមិនហើរទៅតំបន់ផ្សេងៗ។

សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពនៃរដ្ឋបាលស្រុកប្រាសាទបាគង កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០បានឃាត់រថយន្តសង្ស័យ០១គ្រឿង ម៉ាកឡង់គ្រីស័រពណ៍ត្រេអ៊ីប៉ារា ពាក់ស្លាកលេខខម2-6158 ព្រមទាំងអ្នកបើកបរ និងអ្នករួមដំណើរសរុបចំនួន០២នាក់ នៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីធ្វើការត្រួតពិនិត្យ និងបានរកឃើញមានការដឹកជញ្ជូនសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាលដោយខុសច្បាប់។ បន្ទាប់ពី បានសាកសួរ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេលួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។ 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានធ្វើកំណត់ហេតុ និងប្រគល់បន្តជូន ខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បី ចាត់ការ បន្តតាមនីតិវិធីនៃច្បាប់៕

  ឃុត សៅ