សម្ដេចតេជោ ហ៊ុន សែន៖ ជំងឺកូវីដ-១៩ មិនបានរារាំងដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជាឡើយ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០

នៅលើផេកផ្លូវការ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ជំងឺកូវីដ-១៩មិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍជនបទនៅក្នុងប្រទេសយើងឡើយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាការពារសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ សម្ដេចតេជោបានបន្តថា ក្នុងឆ្នាំ២០២០នេះដែរ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានស្វាគមន៍ និងអបអរសាទរថ្ងៃទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទទេសចរណ៍និងការអភិវឌ្ឍជនបទ (Tourism and Rural Development) យ៉ាងណាមិញក្រសួងទេសចរណ៍ ក៏គ្រោងនឹងប្រារព្ធអបអរសាទរព្រឹត្តិការណ៍នេះនៅទូទាំងប្រទេសនាថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០ខាងមុខនេះផងដែរ៕ ដោយ ជឹម ណារី