ប្រជាពលរដ្ឋក្រីក្រ៤០គ្រួសារ មកពី៥ភូមិ បានទទួលប័ណ្ណសមធម៌ពីក្រុមការងារ រាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០–

ប្រជាពលរដ្ឋក្រីក្រ៤០គ្រួសារ មកពី៥ភូមិបានទទួលប័ណ្ណសមធម៏ (ក្រ១) (ក្រ២) ពី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ជាលើកទី៣ សរុបទាំង៣លើកនេះ៣៩៦ គ្រួសារ និងក្រុមការងារចុះជួយសង្កាត់កោះដាច់ ដោយមានការចូលរួមជាអធិបតីភាព លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ និងលោក សំ ប៊ន សមាជិកក្រុមការងារចុះជួយកោះដាច់ នៅថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២០នេះនៅសាលាបឋមសិក្សារនះកោះដាច់ ។

លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន ប្រកាសដាក់ចេញនូវ(កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរង គ្រោះដោយសារផលប៉ះពាល់ នៃជំងឺកូវីដ-១៩) នៅទូទាំងប្រទេស និងបានបញ្ចេញប្រាក់១២៥លាន ដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នេះអូសបន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង។

លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌជ្រោយចង្វារ បានឱ្យពលរដ្ឋដែល បានទទួលប័ណ្ណសមធម៌រួចហើយ អញ្ជើញទៅសាលាសង្កាត់ និងទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងគ្រប់ទីកន្លែង។ ជាមួយគ្នានេះដែរសូមបងប្អូនកុំភ្លេចទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។

លោក ប៉ាត់ ហ៊ែល ចៅសង្កាត់កោះដាច់ បាន បញ្ជាក់ថា នេះជាការផ្តល់ប័ណ្ណលើកទី៣ ជូនពលរដ្ឋក្រីក្រនៅក្នុងចំនួន៥ភូមិ ក្នុងសង្កាត់កោះដាច់ រួមមាន ភូមិចុងកោះ ១០គ្រួសារ ភូមិល្វា១០គ្រួសារ ភូមិក្បាល កោះ៥គ្រួសារ,ភូមិកោះដាច់៥គ្រួសារ និងភូមិរនះ១០ គ្រួសារ ។សរុបប័ណ្ណដែលយើងបានផ្ដល់ជូនពួកគាតទាំង៣លើកនេះបានចំនួន៣៩៦ គ្រួសារហើយ។

សូមបញ្ជាក់ដែរថា៖សម្រាប់ប័ណ្ណ[ក្រ-១] ក្នុង ១គ្រួសារទទួល បានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព,ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។

ទី១៖ សម្រាប់ប័ណ្ណ [ក្រ-២]ក្នុង១គ្រួសារ ទទួលបាន ប្រាក់ចំនួន១២ ម៉ឺនរៀល បូកបន្ថែម៣៦០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម២៨០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ សម្រាប់ប័ណ្ណ [ក្រ-១] ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។ សម្រាប់ប័ណ្ណ [ក្រ-២] ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ,ជនមានពិការភាព, ជន ចាស់ជរាអាយុចាប់ពី៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទសម្រាប់ប័ណ្ណណ(ក្រ-១)ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន៨ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ,ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។ សម្រាប់ប័ណ្ណ [ក្រ-២] ក្នុង ១គ្រួសាររទទួលបានប្រាក់ចំនួន៨ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូក បន្ថែម១៦០០០៛ម្នាក់ទៀត សម្រាប់សមាជិក នៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព,ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕ ដោយ៖ សំរិត