បុរសជនជាតិហុងគ្រី ដែលសង្ស័យថាមានផ្ទុកវីរុសកូវីដ-១៩ ត្រូវបានរកឃើញវិញហើយ

AKP សៀមរាប ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ —

បុរសជនជាតិហុងគ្រី ដែលសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ហើយដែលបានរត់គេច នៅពេលកំពុងរងចាំលទ្ធផល នៃការវិភាគសំណាកនោះ ត្រូវបានរកឃើញហើយ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនអន្តោប្រវេសន៍ បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងថា នាម៉ោង០៩:៣០ព្រឹក កម្លាំងផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការនគរបាលក្រុងសៀមរាប និងក្រុមគ្រូពេទ្យខេត្តសៀមរាប បានស្រាវជ្រាវរកឃើញបុរសជនជាតិហុងគ្រី ដែលសង្ស័យថាមានផ្ទុកវីរុសកូវីដ-១៩ នៅផ្ទះជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយស្នាក់នៅជាមួយស្រីខ្មែរ០១នាក់។

លោកបានបន្តថា៖ « បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែយកឡានពេទ្យមកទទួលទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប »។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនាព្រឹកមិញនេះ បានឱ្យដឹងថា បុរសជនជាតិហុងគ្រីនោះ មានអាយុ ៧០ឆ្នាំ។ គាត់មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដោយធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង ហើយលទ្ធផលតេស្តគាត់នៅពេលនោះ គឺអវិជ្ជមាន វីរុសកូវីដ-១៩។ បន្ទាប់មក គាត់បានបន្តធ្វើចត្តាឡីស័កនៅកន្លែងស្នាក់នៅរបស់គាត់ នៅអាសយដ្ឋានខាងលើ  ហើយរហូតដល់ថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ ដែលត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុសកូវីដ-១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនទៅធ្វើការបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រីឯលទ្ធផលរំពឹងថានឹងអាចទទួលបាននៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

ទន្ទឹមនឹងពេលនៃការបញ្ជូនវត្ថុសំណាក និងរងចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុសកូវីដ-១៩ ស្រាប់តែក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយគាត់បានរត់គេចចេញពីកន្លែងស្នាក់នៅរបស់គាត់បាត់តែម្តង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ២៧៥ករណី ហើយនៅសល់តែ ០១ករណី ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមិនមានករណីស្លាប់ដោយសារជំងឹកូវីដ-១៩ នោះទេ។ ដោយឡែក កម្ពុជាក៏មិនទាន់ឃើញមានការចម្លង នៃវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍នៅឡើយដែរ៕ ដោយ នីកា  រូបថត៖ ឃុត សៅ (ផ្សាយដោយ៖ កន ចំណាន)