ឯកឧត្ដម យិន ងួនកូលេនីន ចុះពិនិត្យការដាក់ម៉ាស៊ីនបូមទឹកស្តុកទុក សម្រាប់បម្រើការបង្កបង្កើនផលស្រូវរដូវប្រាំង នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្ដម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយមបាន អញ្ជើញចុះពិនិត្យការដាក់ម៉ាស៊ីនបូមទឹកស្តុកទុកសម្រាប់បម្រើដល់ការបង្កបង្កើនផលស្រូវ រដូវប្រាំងនៅ ខេត្តក្រចេះកាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥ ៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។                                                          

ក្នុងសកម្មភាពចុះពិនិត្យមើលស្ថានភាពទឹកនៅខេត្តក្រចេះនាពេលនោះ ឯកឧត្ដម យិន ងួន កូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹកបានពិនិត្យមើលស្ថានភាពទឹកនៅ តាមអាងស្តុក ទឹកមួយចំនួន និងអាងស្តុកទឹកដ៏ធំមួយគឺទំនប់ប្រព័ន្ធធារាសាស្ត្រ គោកម្លូររលំភ្នៅ និងស្ថានីយបូមទឹកចំនួន៥កន្លែងទៀតក្នុងស្រុកព្រែកប្រសព្វនិងស្រុកឆ្លូង។

លោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះបានឱ្យ ដឹងថា ក្នុងចំណោមក្រុង ស្រុកទាំង៦ របស់ខេត្តក្រចេះគឺមានក្រុង១ និងស្រុកចំនួន៣ គឺក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកឆ្លូង និងព្រែកប្រសព្វ ដែលតម្រូវឱ្យ មានការអន្តរាគមបូម ទឹកស្តុកទុកជាបន្ទាន់។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះមន្ទីរធនធាន ទឹកនិងឧតុនិយមបាន ដាក់ពង្រាយម៉ាស៊ីនបូមទឹកខ្នាតធំចំនួន៥ គ្រឿងនៅចំណុចទំនប់ បឹងរំលាច សង្កាត់រកាកណ្ដាល ក្រុងក្រចេះ១គ្រឿង ចំណុច ឃុំពង្រ១គ្រឿង ចំណុចឃុំខ្សាច់ អណ្ដែត១គ្រឿង ចំណុចឃុំដំរីផុង ស្រុកឆ្លូង១គ្រឿង និងចំណុចទំនប់ស្រែអណ្ដូង ឃុំចំបក់ ស្រុកពែ្រកប្រសព្វចំនួន១គ្រឿង។ ដោយឡែកសម្រាប់ឃុំចំនួន២ ទៀតគឺឃុំសោបនិងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ការធ្វើស្រូវរដូវប្រាំងអាចធានាទឹកគ្រប់ គ្រាន់ដោយមាន ប្រព័ន្ធធារាសាស្ត្រទំនប់គោកម្លូររលំភ្នៅ ដែលបរិមាណទឹករហូតដល់ជាង ១០ លានម៉ែត្រគុប ។

ទោះយ៉ាងណាក៏ដោយលោក ហេង រត្ន ម៉ូនីដា បានបញ្ជាក់ថា ឆ្នាំនេះទឹកជំនន់ ទន្លេមេគង្គមិនអាចចូលបំពេញអាង ស្តុកទឹកនានាក្នុងខេត្តក្រចេះបានទេ។  លោកបន្តថា  ក្នុង កាលៈទេសៈនេះអាជ្ញាធរខេត្ត មន្ទីរធនធានទឹក និងឧតុនិយមក៏ដូចជា ក្រសួងធនធានទឹក និងឧតុនិយមកំពុងតែរកលទ្ធភាពដើម្បីបំពេញកង្វះទឹកស្រោចស្រព្វស្រូវរដូវប្រាំងឆ្នាំនេះ។

លោក មៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា ផ្ទៃដីបង្កបង្កើនផលស្រូវនៅខេត្តក្រចេះសរុបប្រមាណ ៤៧០០០ ហិកតា ក្នុងនោះផ្ទៃដីស្រូវរដូវ ប្រាំងមានប្រមាណ ១៤០០០ ហិកតា៕ ដោយ ជួន សុជាតិ