អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត ៣ក្រុម ចូលជួប និងផ្តល់អនុសាសន៍

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០–

នាព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាត ឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដែលដឹកនាំដោយលោកស្រី អ៊ុច សោភា ប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ចូលជួប និងសុំការណែនាំ និងមានការ ចូលរួមពី លោកស្រីអភិបាលរងខេត្ត និងនាយករដ្ឋបាលផងដែរ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានជម្រាប ជូនពីគោលបំណងរបស់ក្រុមយុវជនស្ម័គ្រចិត្តទាំង៣ក្រុមគឺ៖ ក្រុមទី១.សុខាភិបាល លើប្រធានបទ សហគមន៍ខ្ញុំពោពេញដោយសមត្ថភាព។ ២.កសិកម្ម ប្រធានបទបណ្តុះ បណ្តាលបែបប្រពៃណី។ ៣.បរិស្ថាន ប្រធានបទទីក្រុងស្អាត បរិស្ថានស្អាត សេវាល្អ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសសើរ និងវាយតម្លៃស្មារតីនៃ ក្រុមយុវជនស្ម័គ្រចិត្ត ក៏ដូចជាមន្ទីរអប់រំ ដែលមានគម្រោងផែនការសកម្មភាពរៀងៗខ្លួនដឹកនាំ ធ្វើសកម្មភាពលើប្រធានបទខាងលើ។ រដ្ឋបាលខេត្តឯកភាព នៃការរៀបចំផែនការសកម្មភាព និងការចុះធ្វើសកម្មភាពជាក់ស្តែងក្នុងសង្គម។ ការងារនេះ គឺជាគម្រោងផែនការសមស្រ បច្រើន តែនៅមានចំណុចខ្វះខាតត្រូវធ្វើការកែលម្អ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុង សហគមន៍យល់ដឹង និងចូលរួមក្នុងសកកម្មភាពជាការសំខាន់។ យុវជនជាកម្លាំងស្នូលក្នុង ការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមអភិបាលខេត្តបន្តថា វិស័យទេសចរណ៍នាំមកនូវកំណើនសេដ្ឋកិច្ចដោយ មិនមានផលប៉ះពាល់, វិស័យឧស្សាហកម្មនាំមកនូវកំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែវាមាន ផលប៉ះពាល់ដល់បរិស្ថាន, វិស័យកសិកម្មក៍នាំមកនូវកំណើនសេដ្ឋ កិច្ចដូចគ្នា។ ខេត្តព្រះសីហនុមានសក្តានុពលដូចជា ឆ្នេរសមុទ្រ, ព្រលានយន្តហោះ, កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ទឹកជ្រៅ ទាមទារ ឱ្យយើងទាំងអស់គ្នាប្រើប្រាស់ធនធានសក្តានុពលធម្មជាតិ ឱ្យអស់លទ្ធភាពក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់យុវជនទាំង ៣ក្រុម ក្នុងមួយក្រុមទទួលបានថវិកា ២លានរៀល៕ ដោយ ងូ សុមុនី