អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ស្ថាបនាផ្លូវក្រាលកៅស៊ូនៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០–

អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ផ្តើមស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBST​នៅ​ក្នុងឃុំឫស្សីក្រោកស្រុកមង្គលបូរីដើម្បីបម្រើដល់សេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ដែលកំពុងត្រូវការផ្លូវស្អាតមានគុណភាពប្រើប្រាស់បានយូរអង្វែង​ស្រប​ទៅនឹងភាពរីកចម្រើន​របស់ប្រទេសជាតិនោះ។

​ក្នុងឱកាសចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវក្រាលកៅស៊ូDBST ប្រវែង ៣,០០០ ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិសំរោង ភូមិផាស៊ីស្រា និងភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី កាលពីរសៀលថ្ងៃព្រហស្បតិ៍៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ​នឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ​មានជ័យបាន​គូសបញ្ជាក់ថា ដោយមើលឃើញពីការលំបាកនឹង​សំណូមពរប្រជា​ពល​រដ្ឋក្នុងមូល​ដ្ឋានចង់បានផ្លូវល្អធ្វើចរាចរណ៍បានស្រួលនោះរដ្ឋបាលខេត្តបានសម្រេចធ្វើ​ការស្ថាបនាផ្លូវ១ខ្សែនេះ ដោយប្តូរពីផ្លូវគ្រួសក្រហមមកក្រាលកៅស៊ូជាគម្រោងថវិកាអភិ​វឌ្ឍន៍ឆ្នាំ២០២០នេះ។ ឯកឧត្តម បានជំរុញដល់ក្រុមការងារឱ្យបង្កើនល្បឿនការស្ថាបនា​ផ្លូវនេះបានលឿននិងធានា​គុណភាពប្រើប្រាស់​យូរអង្វែង​។

​​ឯកឧត្តម​អភិបាលខេត្តបានបន្ថែមថា​​​ ជានិច្ច​​កាលរាជ​រដ្ឋាភិបាល​កម្ពុជាដែល​មាន​សម្ដេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ជា​នាយរដ្ឋមន្ត្រី​តែង​ផ្ដោត​សំខាន់បន្តការ​យក​ចិត្តទុកដាក់​លើការអភិវឌ្ឍ​វិស័យ​ផ្លូវថ្នល់​ក្នុង​នោះ​មិន​ថា ​ផ្លូវជាតិ ​​ផ្លូវលំនៅ​គ្រប់​ទីកន្លែង​​នោះ​ទេ​ ត្រូវ​បាន​ស្ថាបនា​ពីតំបន់ដែល​គ្មាន​ផ្លូវ​ ទៅជាមាន​ផ្លូវ​ ក្រាល​គ្រួស​ក្រហម​ ​ប្រែក្លាយ​​​ទៅ​ជា​ផ្លូវ​បេតុង ​ឬ​កៅ​ស៊ូ​ផ្សាភ្ជាប់​ពីទី​ជនបទ​មក​ទី​​​ប្រជុំជន ខេត្ត ស្រុក ក្រុងដែលឆ្លើយតបទៅ​នឹង​​អនុសាសន៍របស់សម្តេចតេជា​​គឺមាន​ផ្លូវ​​មាន​ក្តី​សង្ឃឹម​នោះ។​

ឯកឧត្តម អ៊ុំ រាត្រី បានបន្ដថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានបន្តការប្រឹងប្រែង​គិតគូរជំរុញការស្ថាបនាផ្លូវថ្មីនិងជួសជុលឱ្យប្រសើរឡើងវិញនូវរាល់ផ្លូវដែលរងការខូតខាតនៅតាមទីជនបទដោយកន្លែងខ្លះការស្ថាបនាឡើងដោយចាក់បេតុងក្រាលកៅស៊ូ និងខ្លះ ទៀតជួសជុលដោយក្រាលគ្រួសក្រហមទៅតាមលទ្ធភាពថវិកាដែលយើងមានដើម្បីឆ្លើយតបសេចក្តីត្រូវប្រើប្រាស់របស់ប្រជាពលរដ្ឋ។

​ក្នុងឱកាសនោះដែរអភិបាលខេត្តបន្ទាយមានជ័យក៏បានធ្វើការជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទរួមសហការជាមួយអាជ្ញាធរដែនដី ត្រូវបន្តការ យកចិត្ត​ទុកដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាតត្រូវប្រញាប់ប្រញាល ធ្វើការជួស ជុលឡើងវិញមិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ។ ឯកឧត្ដមអភិបាលខេត្ដក៏បាន​អំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តសូមឱ្យចូលរួមទាំងអស់គ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុលស្ថាបនាហើយ នៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែងនឹងត្រូវបន្តចូលរួម​ទាំងអស់​គ្នា​គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន៕ ដោយ ឈុន សារ៉ាត