រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ចំនួន​៣០​ម៉ឺន​ដុល្លា​អាម៉េរិក​សម្រាប់​សាងសង់​អគារ​មន្ទី​ពិសោធន៍​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩​ថ្នាក់​តំបន់ ក្នុង​ខេត្តសៀមរាប​

AKP ខេត្តសៀមរាប ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០-​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប រួមមួយ​ក្រុមការងារ​ប​ចេ្ច​ក​ទេស​នៃ​ក្រសួងសុខាភិបាល នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យមើល​ទីតាំង​សម្រាប់​សាងសង់​អគារ​មន្ទីរពិសោធន៍​តំបន់​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩ នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មាន​មន្ទីរពិសោធន៍​រក​មេរោគ​កូ​វីដ​-១៩​រួចហើយ ប៉ុន្តែ​ខ្នាតតូច​និង​ធ្វើតេស្ត​បាន​តិច​។​ឥឡូវនេះ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បានគ្រោង​ចំណាយ​ថវិកា​ចំនួន​៣០​ម៉ឺន​ដុល្លា​អាម៉េរិក​សម្រាប់​សាងសង់​អគារ​មន្ទី​ពិសោធន៍​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩​ថ្មី​មួយ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​ហើយ​មន្ទីរពិសោធន៍​ថ្មី​នេះ អាចធ្វើ​តេស្ដ​រក​មេរោគ​កូ​វីដ​-១៩ បាន​លឿន និង​ច្រើន​នាក់​ក្នុង​មួយថ្ងៃៗ​។​ហើយ​ក្រសួង​បាន​ត្រៀម​បំពាក់​នូវ​ម៉ាស៊ីន​ពិសោធន៍​PRC​ឱ្យមាន​លក្ខណៈ​ជា​មន្ទីរពិសោធន៍​ស្តង់ដារ ក្នុងការ​ពិនិត្យ​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩ និង​រក​មេរោគ​នៃ​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។​

​ក្រៅពី​គម្រោង​សាងសង់​អគារ​មន្ទី​ពិសោធន៍​ថ្មី​នៅ​ខេត្តសៀមរាប​នេះ​ក្រសួងសុខាភិបាល​ក៏​គ្រោង​សាងសង់​អគារ​មន្ទីរពិសោធន៍​ថ្នាក់​តំបន់​ចំនួន​ពីរ​ទៀត គឺ​ស្ថិតក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ព្រះសីហនុ ដែល​ទីតាំង​សម្រាប់​គម្រោង​សាងសង់​មន្ទីរពិសោធន៍​តំបន់​ទាំង​០៣​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចុះទៅ​ពិនិត្យមើល​រួចរាល់​ហើយ​ដែរ​។​

​ជាមួយគ្នានេះដែរ​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​ឆ្លង​មេរោគ​កូ​វិដ​១៩​ឱ្យបាន​ខ្ពស់ បើ​ទោះ​បច្ចុប្បន្ននេះ ស្ថានភាព​កូ​វិដ​១៩​នៅ​កម្ពុជា​មានការ​ធូ​ស្រាល​ជាង​មុន​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​ប្រទេស​នៅ​ជិត​ខាងយើង​នៅតែមាន​អ្នក​ឆ្លង​ច្រើន ដូច្នេះ​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​៕ ដោយ​៖ ឃុ​ត សៅ​