ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់អង្គការម្លប់តាប៉ាង ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈ កម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពប្រដាប់អាវុធ និងម្ចាស់អំណោយ កាស៉ីណូ Liberty Goddes ( នារីសន្តិភាព) នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ សិក្សា និងថវិកាជូនដល់អង្គការម្លប់តាប៉ាង មានទីតាំងស្ថិតនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ។  ឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រ សាសន៍ថា ថ្ងៃនេះមានមោទនភាព និងសេចក្តីសោមនស្សរីករាយដែលមានការចូលរួមជាមួយ កាស៉ីណូ Liberty Goddes (នារីសន្តិភាព) នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន មកឧបត្ថម្ភឱ្យអង្គការម្លប់តាប៉ាង ព្រមទាំងបានកោតសរសើរនិងវាយតម្លៃចំពោះថ្នាក់ដឹកនាំ បុគ្កលិកអង្គការម្លប់តាប៉ាងទាំងអស់បានបំពេញការងារយ៉ាងសកម្ម ខណៈពេលប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អង្គការបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មក្នុង សហគមន៍ក្នុងខេត្តព្រះសីហនុ ជួយដល់គ្រួសារក្រីក្រនៅក្នុងសហគមន៍បានទាន់ពេលវេលា ។ កន្លង មករដ្ឋបាលខេត្ត ក៍បានឧបត្ថម្ភជាសម្ភារ:មួយចំនួនតាមរយៈអង្គការម្លប់តាប៉ាង ដើម្បីយកចែកជូនគ្រួសារក្រីក្រនៅក្នុងសហគមន៍របស់យើង ហើយសកម្មភាពនេះបានជួយដល់ប្រជាពលរដ្ឋក្រីក្រ ទាន់ពេលវេលា 

 ឯកឧត្តមបន្តថា ផ្ដើមចេញពី កា ស៉ីណូ Liberty Goddes ( នារីសន្តិភាព) បានចូលរួមការងារសង្គមកិច្ចជាមួយរដ្ឋបាលខេត្ត ក្នុងគោលដៅការងារមនុស្សធម៌ក្នុងខេត្តព្រះសីហនុ មានគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន ទើបយើងបានមក ជួបជុំគ្នានាពេលនេះ ។

ឯកឧត្តម ក៍បានថ្លែងអំណគុណអ្នកវិនិយោគ កាស៉ីណូ Liberty Goddes (នារីសន្តិភាព) ក្នុងស្ថានភាពកម្ពុជារងផលប៉ះពាល់នឹងជំងឺ Covid-១៩ គាត់នៅតែចែករំលែកអំណោយដល់រដ្ឋបាលខេត្ត យក មកចែកជូនដល់អង្គការម្លប់តាប៉ាងនាពេលនេះ ក្នុងការងារសង្គមកិច្ច ហើយអង្គការធ្វើការចែកជូនដល់គ្រួសារក្រីក្ររបស់យើងក្នុងខេត្តបន្តទៀត ។ 

 ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានធ្វើការពាំនាំផ្ដាំផ្ញើសាក សួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រធាន និងបុគ្គលិកអង្គការម្លប់តាប៉ាងទាំងអស់ដែលបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់កុមារក្រីក្រ និងគ្រួសារក្រីក្រក្នុងខេត្តព្រះ សីហនុ សូមឱ្យអង្គការបន្តសកម្ម ភាពការងារមនុស្សធម៌នេះបន្តទៀតប្រកបដោយជោគជ័យជួយដល់កុមារ និងគ្រួសារក្រីក្រក្នុងសហគមន៍របស់យើង ។ 

 អំណោយរបស់កាស៉ីណូ Liberty Goddes(នារីសន្តិភាព) រួមមាន: អង្ករ ២,៥០០គីឡូក្រាម, ម៉ាស ១៥,០០០, ប៊ិច ៥,០០០ដើម,

សៀវភៅ ២,០០០ក្បាល និងថវិកា ៥,០០០ដុល្លារ ។ ដោយឡែករដ្ឋបាលខេត្តព្រះសីហនុ ក៍បានជួយឧបត្ថម្ភទឹកបរិសុទ្ធ ១០០កេស និងទឹកក្រូច ៥០កេស ផងដែរ ៕ ដោយ ងូ សុមុនី