លោក ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំដោះស្រាយការកាត់ទម្លាក់ខ្សែកាបិ៍្លលើអាកាសនៅជុំវិញរង្វង់មូលតោ២ ខេត្តព្រះសីហនុ

 AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២០–

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំដោះស្រាយការកាត់ទម្លាក់ខ្សែកាបិ៍្លលើអាកាសនៅជុំវិញរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួម ពីមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនបំរើសេវា Internet ចំនួន១១ តំណាងនិយ័តករទូគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ប្រចាំខេត្តព្រះសីហនុ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ខាំកូម ក្រុមហ៊ុន CFOCN 

  លោក ម៉ាង ស៊ីណេត អភិបាល រងខេត្តព្រះសីហនុ មាន ប្រសាសន៍បូកសរុបកិច្ចប្រជុំ ថា រដ្ឋបាលខេត្តទុកពេលដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ខាងមុខ ដើម្បី ឱ្យប្រតិបត្តិករក្រុមហ៊ុនទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលខេត្តកាត់ខ្សែកាប្លិ៍លើអាកាសនៅ ជុំវិញរង្វង់មូលតោ២ ក្នុងសង្កាត់ លេខ៤ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាមកិច្ចប្រជុំ រដ្ឋបាលខេត្តនឹងធ្វើការកាត់ខ្សែកាប្លិ៍លើអាកាសនៅជុំវិញតោ២ ទាំងអស់ ហើយរាល់ការខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវទេ ។ ម្យ៉ាងទៀតការកាត់ទម្លាក់ខ្សែកាប្លិ៍លើអាកាសនៅជុំវិញរង្វង់មូលតោ២ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ បាន នឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ៣៤ខ្សែ បំរើឱ្យវិស័យទេសចរណ៍ និងការវិនិយោគយ៉ាងសំខាន់នាពេលខាងមុខ ៕ ដោយ ងូ សុមុនី