ប្រជាពលរដ្ឋចំនួន៣១៨គ្រួសារដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តចាប់ឆ្នោតយកដីឡូតិ៍កសិកម្ម ជំហានទី៥

AKP ព្រះវិហារ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍កសិកម្មជូនប្រជាពលរដ្ឋចំនួន៣១៨គ្រួសារ ដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពី អភិបាលរងខេត្ត មេបញ្ជាការកងអង្គរក្ស មេបញ្ជការកងពលតាមព្រំដែន មេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអាជ្ញាធរជាតិព្រះវិហារ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្ត ទុកដាក់របស់ក្រុមការងារក្នុងការរៀបចំកិច្ចដំណើរការនៃការអនុវត្តសកម្មភាព កម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលទៅតាមជំហានការងារ នីមួយៗ រហូតមានកម្មវិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍ជូនប្រជាពលរដ្ឋនាពេលនេះ ។ គិតមកទល់ពេលនេះយើងសម្រេចបាននូវការចាប់ឆ្នោតយកដីឡូតិ៍កសិកម្មសរុបចំនួន១០៤៥ឡូតិ៍ ដោយក្នុងមួយគ្រួសារ ទទួលបានដីទំហំ ចំនួន២ហិកតា។

ឯកឧត្តមបន្តថា ដីឡូតិ៍កសិកម្មដែលបានប្រគល់ជូនប្រជាពលរដ្ឋថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មានផ្ទៃដីចំនួន៥ពាន់ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ទាំងនេះជាក់ស្តែងបានចេញយ៉ាងច្បាស់ពីការយកចិត្តទុក្ខដាក់របស់សម្តេចតេជោ លើសុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសនៅតាមបណ្តោយព្រំដែន ។

ឯកឧត្តមអភិបាលបានលើកឡើងបន្ថែមទៀតថា ទាំងនេះគឺកើតចេញពីកត្តាសុខសន្តិភាព ដូចនេះយើងទាំងអស់គ្នាត្រូវ អគុណសន្តិភាព អគុណសម្តេចតេជោ មានសម្តេចតេជោ គឺមានសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏សំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ដីកសិកម្មដែលបាននេះខិតខំបង្កបង្កើនផលដាំដំណាំ ដើម្បីបង្កើនជីវភាពរស់នៅ តាមគោលការណ៍កំណត់ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាព រស់នៅដោយមានអនាម័យស្អាតជានិច្ច ត្រូវលាងដៃជាមួយសាប៊ូ ឬជែល ឱ្យបានញឹកញាប់ ពាក់ម៉ាស ឬក្រមានៅពេលយើងនៅតំបន់មនុស្សច្រើន និងរក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងតិច ១ម៉ែត្រកន្លះ ដើម្បីចៀសផុតអំពីជំងឺកូវីដ១៩ និងជំងឺនានាផងដែរ លើសពីនេះទៅទៀតសូមបងប្អូន ប្រយ័ត្ន ផ្គររន្ទះ ខ្យល់កន្ត្រាក់នៅពេលមានភ្លៀងធ្លាក់ សូមមេត្តាបិទទូរស័ព្ទកុំប្រើ ចូរកុំនៅទីវាល កុំនៅជ្រកក្រោមដើមឈើត្រូវរត់មកនៅក្នុងផ្ទះ និងទីកន្លែងមានសុវត្ថិភាពល្អ ៕

ដោយ ទិត ស្រ៊