អត្ថាធិប្បាយ ៖ រួមគ្នាថែរក្សាការពាររដ្ឋធម្មនុញ្ញ ដែលជាមនុញ្ញផលដ៏ឧត្តុង្គឧត្តម្ភរបស់ជាតិ

វិទ្យុជាតិ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០

ប្រជាជនកម្ពុជាទូទាំងប្រទេសដែលកំពុងតែរស់នៅប្រកបដោយសុខសន្តិភាព វិបុលភាព និងសុភមង្គលដ៏ត្រចះត្រចង់ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានចូលរួមសម្តែងក្តីអំណរសាទរ អបអរខួបឆ្នាំទី២៧នៃការបដិសន្ធិ      រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២(២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២០) ដែលក្នុងរយៈពេល២៧ឆ្នាំនេះច្បាប់កំពូលរបស់ជាតិបាន ផ្តល់ឱកាស និងលក្ខណៈសម្បត្តិអនុគ្រោះសំរាប់ប្រជាជនកម្ពុជាយើងក្នុងការចូលរួម និងនាំយកមាតុភូមិអោយធ្វើដំណើរស្វាហាប់លើមាគ៌ាសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ ការលើកកម្ពស់ប្រជាធិបតេយ្យ ការពង្រឹងនិតិរដ្ឋ និងការអភិវឌ្ឍន៍ ។ រដ្ឋធម្មនុញ្ញដែលជាមនុញ្ញផលដ៏ឧត្តុង្គឧត្តម្ភរបស់ជាតិយើងគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ព្រោះបានធ្វើអោយប្រជាជនកម្ពុជាគ្រប់និន្នាការនយោបាយ រស់នៅប្រកបដោយក្តីសុខសាន្តជួបជុំមូលត្រកូលគ្នា ។ ២៦ឆ្នាំកន្លងទៅនេះយើងបានមើលឃើញយ៉ាងប្រត្យក្សថាមានតែគណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងស្នូលក្នុងការការពាររដ្ឋធម្មនុញ្ញដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការឯកភាពជាតិ ការរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេស ។ ក្នុងន័យនេះប្រជាជនកម្ពុជាទូទាំងប្រទេសត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយការពារអោយបានដាច់ខាតដោយមិនអនុញ្ញាតអោយជនណា ឬក្រុមជនក្បត់ជាតិណាមកបំផ្លាញរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិយើងបានឡើយ ។

យើងទាំងអស់គ្នាសុទ្ធតែបានដឹង និងចងចាំថាមហាសោកនាដកម្មដែលជាតិ និងប្រជាជនយើងធ្លាប់ឆ្លងកាត់ គឺផ្តើមចេញពីជនក្បត់ជាតិ លន់ នល់ សិរិមតៈ ឱនក្បាលដើរតាមខ្សែញាក់របស់អាមេរិកបំផ្លាញចោលឯករាជ្យជាតិ និងអធិបតេយ្យជាតិរួមគ្នាធ្វើរដ្ឋប្រហាររំលំរបបរាជានិយម បំផ្លាញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ (ឆ្នាំ១៩៤៧-១៩៧០) ធ្វើអោយទឹកដីកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមដ៏សន្ធោសន្ធៅអស់រយៈពេល៥ឆ្នាំ និង១ខែក្នុងរបបសាធារណរដ្ឋខ្មែរ(ថ្ងៃ១៨ មិនា ឆ្នាំ១៩៧០- ១៧ មេសា ១៩៧៥) និងរស់នៅក្នុងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យដឹកនាំដោយជនជ្រុលនិយមមួយក្រុមដែលមាន ប៉ុល ពត នួន ជា ខៀវ សំផន និង អៀង សារី រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ(ថ្ងៃ១៧ មេសា ១៩៧៥- ៦ មករា ឆ្នាំ១៩៧៩) ធ្វើឲ្យប្រជាជនស្លាប់អស់រាប់ពាន់នាក់ ។ នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដឹកនាំដោយ          គណបក្សប្រជាជនកម្ពុជាបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ដើម្បីសង្រ្គោះជាតិអោយរស់ឡើងវិញ និងបើកឡើងនូវទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់មាតុភូមិកម្ពុជា ។ ចាប់ពីឆ្នាំ១៩៧៩ – ១៩៩៣ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលប្តូរមកជារដ្ឋកម្ពុជាបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គរាប់ម៉ឺន រាប់សែនជំពូក និងស្វះស្វែងធ្វើឲ្យសម្រេចបានការបង្រួបបង្រួមជាតិដើម្បីបញ្ចប់សង្រ្គាម ។ ជំនួបចរចារលើកដំបូងបំផុតរវាងសម្តេចព្រះនរោត្តមសីហនុ និងសម្តេច ហ៊ុន សែន នៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៨៧ នៅប្រទេសបារាំង និងការបន្តដំណើរការចរចាច្រើនលើកច្រើនសារឆ្លងកាត់ការលំបាកស្មុគស្មាញច្រើនរាប់មិនអស់ រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ អនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ ការបោះឆ្នោតជាតិលើកទី១ បានប្រព្រឹត្តិទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អាជ្ញាធរ     បណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា(UNTAC) ។ លទ្ធផលនៃការបោះឆ្នោតនេះបង្កើតបាននូវសភាធម្មនុញ្ញ, សភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីដែលបានកំណត់ថា ប្រទេសកម្ពុជាប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ ក្រោយពេលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីហើយ សភាធម្មនុញ្ញបានប្រែក្លាយជាស្វ័យប្រវត្តិទៅជារដ្ឋសភានីតិកាលទី១ ។ បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ ត្រូវបានបង្កើតឡើង កម្ពុជាបានឈានចូលដំណាក់កាលថ្មីមួយទៀតគឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍ ។ ប៉ុន្តែប្រទេសយើងមិនទាន់បញ្ចប់សង្រ្គាមបានទាំងស្រុងនៅឡើយទេដោយសារពួកឧទ្ទាមខ្មែរក្រហមបន្តធ្វើសង្រ្គាមបំផ្លិចបំផ្លាញបង្កអសន្តិសុខក្នុងផ្ទៃប្រទេសធ្វើឲ្យកម្ពុជានៅតែមានតំបន់ត្រួតត្រាពីរ និងកម្លាំងប្រដាប់អាវុធពីរ ។ ប៉ុន្តែសង្រ្គាមដ៏រ៉ាំរ៉ៃនេះត្រូវបានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យអង្គការចាត់តាំងទាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ ការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ប្រជាជនបានរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ។

ក្នុងរយៈពេល ២៧ ឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជាយើងបានលើកតម្កល់ខ្ពស់នូវរដ្ឋធម្មនុញ្ញដោយបានប្រមូលផ្តុំអស់កម្លាំងកាយចិត្ត កម្លាំងប្រាជ្ញាស្មារតីចូលរួមកសាង និងការពារជាតិឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សហើយនេះជាមោទនភាពដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់មាតុភូមិ និងប្រជាជនកម្ពុជាយើង ។ ដំណើរការបោះឆ្នោតជាបន្តបន្ទាប់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យប្រព្រឹត្តទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបានចំនួន ៦ អាណត្តិ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បាន ៤ អាណត្តិ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បាន ៣ អាណត្តិ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបាន ៤អាណត្តិ ។​ អាស្រ័យដោយការវិវត្តន៍ជាវិជ្ជមាននៃសភាពការណ៍ទូទៅ និងតម្រូវការចាំបាច់នានា ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ រដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ដោយគោរពខ្ជាប់ខ្ជួនគោលការណ៍គតិយុត្តិ ជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ និងស្របតាមសំណូមពរចាំបាច់នៃសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិ ។

ភាពស្ថិរស្ថេររឹងមាំនៃរដ្ឋធម្មនុញ្ញក្នុងរយៈពេល ២៧ឆ្នាំ កន្លងមកនេះក៏បានឆ្លងកាត់នូវឧបសគ្គស្មុគស្មាញរាប់មិនអស់អាស្រ័យដោយជនក្បត់ជាតិ និងជនអគតិដោយមានការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅបានព្យាយាមម្តងហើយ ម្តងទៀត ធ្វើសកម្មភាពដ៏គ្រោះថ្នាក់ប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថិរភាពបង្កឲ្យមានចលាចលបង្កើតជាភ្លើងសង្រ្គាម និងបំផ្លាញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដោយពុំបានគិតគូទៅដល់ជោគវាសនារបស់ជាតិ និងប្រជាជនយើងឡើយ ។ ជាក់ស្តែងការបង្កឡើងនូវព្រឹត្តិការណ៍ខែកក្កដា ឆ្នាំ១៩៩៧ ការបង្កើតឲ្យមានភាពអាណាធិបតេយ្យរៀងរាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការប្រព្រឹត្តិអំពើភេរវកម្មប្រដាប់អាវុធនៅខែវិច្ឆិកា ឆ្នាំ២០០០ ជាពិសេសព្រឹត្តិការណ៍នៃការបង្កើតឡើងបដិវត្តន៍ពណ៌នៅក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់ហើយដែលរាជរដ្ឋាភិបាលបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ និងទទួលបានការគាំទ្រយ៉ាងក្រៃលែងពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ បច្ចុប្បន្ននេះពួកប្រឆាំងជ្រុលនិយមនៅតែប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្យាយាមធ្វើសកម្មភាពលួចលាក់ក្នុងបំណងរៀបចំរចនាសម្ព័ន្ធនៃកម្លាំងរបស់ខ្លួននៅមូលដ្ឋានសំដៅធ្វើឲ្យអតីតគណបក្សសង្រ្គោះជាតិបានរស់ឡើងវិញ ។ ពួកនេះនៅតែបន្តឃោសនាអុជអាល ញុះញង់ បំបះបំបោរ បញ្ឆេះកំហឹងមហាជន បង្កើតឲ្យមានភាពអនាធិបតេយ្យនៅក្រោមទម្រង់នៃបដិវត្តន៍ពណ៌ ។ ប៉ុន្តែទោះជាឧបាយកលពិសពុលយ៉ាងណាក៏ត្រូវតែទទួលបរាជ័យ ។ រាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍ទូទៅរបស់ប្រទេសជាតិឲ្យមានស្ថិរភាពទាំងស្រុង និងបន្តដំណើរទៅមុខយ៉ាងរឹងមាំ ថែរក្សាបាននូវរាល់សមិទ្ធិផលសង្គមជាតិ ធ្វើឲ្យកាន់តែប្រសើរឡើងបរិយាកាសនយោបាយ លំហលទ្ធិប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាជន និងរក្សាជំហរដ៏ម៉ឺងម៉ាត់ក្នុងការរក្សាឯករាជ្យ និងអធិបតេយ្យជាតិដោយមិនឱនក្បាលចំពោះការគាបសង្កត់ណាមួយពីខាងក្រៅឡើយ ។

ឆ្លងកាត់ព្រឹត្តិការណ៍ទាំងឡាយក្នុងរយៈពេល​២៧​ឆ្នាំ កន្លងទៅ បានបង្ហាញឲ្យឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងសំខាន់បំផុតក្នុងការបង្កើតរដ្ឋធម្មនុញ្ញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាកម្លាំងស្នូល តែមួយគត់ក្នុងការការពារព្រះរាជាណាចក្រកម្ពុជាទី២ ឲ្យបានស្ថិតស្ថេរគង់វង្សរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ។ គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកដ៏រឹងមាំជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជានៅតែបន្តធ្វើជាកម្លាំងស្នូលដ៏រឹងមាំនៃសន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅដណ្តើមជ័យជម្នះធំៗថ្មីទៀតស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញដ៏ឧត្តុង្គឧត្តមរបស់ជាតិ ។