ឯកឧត្តម គួច ចំរើន ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ជាលើកទី៣ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ។ 

 ក្នុងឱកាសនោះឯកឧត្តមគួច ចំរើន ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ត្រូវពន្លឿនការងារសាងសង់តាមគំរូប្លង់ ថ្វីត្បិតគម្រោងសាងសង់មន្ទីរពិ សោធន៍វេជ្ជសាស្ត្ររបស់យើង វាឆាប់រហ័សក៏ពិតមែន ក៏ប៉ុន្តែយើងត្រូវតែខិតខំបំពេញការងារនេះឱ្យសម្រេចបានលឿន និងទៅតាម ផែនការ ។

   ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តថា មន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះមានសារសំខាន់ណាស់ អាច ជួយវិភាគជំងឺឆ្លងនានា មានដូចជា Covid-១៩ជាដើម ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេសដែលបានមក វិនិយោគ និងមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ។ ក្រោយពី គម្រោងសាងសង់មន្ទីរពិសោធន៍នេះរួច វាបានដើរតួនាទីសំខាន់ជួយវិភាគជំងឺទូទៅជូនប្រជាពលរដ្ឋក្នុងខេត្តមាត់សមុទ្រមានដូចជា ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងមួយផ្នែកនៃខេត្តកំពង់ស្ពឺ ព្រោះប្រសិនបើយើងយករោគវិភាគទៅរាជធានីភ្នំពេញ អាចមានការយឺតយ៉ាវ ដោយសារការកកស្ទះចរាចរណ៍ជាដើម ៕ ដោយ ងូ សុមុនី