សម្ដេចតេជោ ហ៊ុន សែន អបអរសាទរចំពោះសហព័ន្ធរុស្ស៊ី ដែលបានរកឃើញ វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០–

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការ អបអរសាទរចំពោះសហព័ន្ធរុស្ស៊ី ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ នឹងអាចជួយដល់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងតែធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ក៏ដូចជាទំនាក់ទំនងពិភពលោកមានការយឺតយ៉ាវ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនាព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនោះ ឯកឧត្ដម Anatoly BOROVIK បានពាំនាំការផ្តាំផ្ញើសួរសុខ ទុក្ខរបស់ឯកឧត្ដមប្រធានាធិបតីរស្ស៊ី វ្លាឌីមៀ ពូទីន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងបានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី ដែលជាទំនាក់ ទំនងដ៏ល្អ ដែលមានលក្ខណៈជាដៃគូជាយូរអង្វែងមកហើយ។

ឯកឧត្ដមបន្តថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានរយៈពេល៦៤ ឆ្នាំមកហើយៗ នៅឆ្នាំក្រោយគឺជាខួបលើកទី៦៥នៃប្រទេសទាំងពីរ ឯកឧត្ដមនឹងប្រឹងប្រែង ធ្វើសកម្មភាពឱ្យបានច្រើន ដើម្បីចូលរួមអបអរសាទរនូវទំនាក់ទំនងការទូតខួបទី៦៥ រវាងកម្ពុជានិងរស្ស៊ី។

ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា នឹងប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការពង្រឹងមិត្តភាពនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យការអភិវឌ្ឍន៍ធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលចំណាយពេលក្នុងថ្ងៃខួបទី២៧ឆ្នាំ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា ហើយនេះគឺជាពេលដ៏វិសេលវិសាលមួយ។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានរម្លឹកជម្រាបជូនសម្ដេចតេជោផងដែរថា ឯកឧត្ដមធ្លាប់បានមកកាន់កម្ពុជាតាំងពីឆ្នាំ១៩៨៤ បម្រើការងារជាអនុព័ន្ធរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា ហើយនៅពេលនោះឯកឧត្តមបានចំណាយពេល ១៣ ឆ្នាំនៅកម្ពុជា ដើម្បីបម្រើការងារការទូត ហើយឯកឧត្តមមានអារម្មណ៍ថាឯកឧត្តមដូចជាសាក្សីនៃដំណើរវិវត្តន៍របស់កម្ពុជានិងទំនាក់ទំនងរបស់កម្ពុជានិងរុស្ស៊ី។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍និងសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម អាណាតូលី បូរ៉ូវិក (Anatoly BOROVIK) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើរសួរសុខទុក្ខអំពីឯកឧត្តម វ្លាឌីមៀ ពូទីន និងការជូនសព្វសាធុការពរជូនសម្ដេចតេជោ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានយល់ស្របជាមួយនឹងអ្វីដែលឯកឧត្តម បូរ៉ូវិក បានលើកឡើងស្ដីអំពីទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី។

សម្ដេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្ស៊ីដែរ ដែលបានជួយកម្ពុជានាពេលកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍ ៨០ ដែលកម្ពុជានៅពេលនោះកំពុងជួបនូវការពិបាកយ៉ាងច្រើន បន្ទាប់ពីរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្ដេចតេជោមានប្រសាសន៍បន្តដែរថា ជំនួយរបស់រុស្ស៊ីពេលនោះ ជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្ដល់ជំនួយលើវិស័យអប់រំ ដែលវិស័យនោះបាននាំមកនូវធនធានមនុស្សដ៏ល្អសម្រាប់បម្រើការងារនៅកម្ពុជា សម្រាប់ជួយជំរុញកម្ពុជារហូតមកដល់ថ្ងៃនេះ៕ដោយ៖ ជឹម ណារី