បទយកការណ៍៖ ក្រសួងកសិកម្មលើកទឹកចិត្តឲ្យកសិករពិចារណាពូជស្រូវចំនួន១៧ មុខ

AKP ភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ​២០២០ —

នៅក្នុងពេលដែលវិស័យផ្សេងៗនៃសេដ្ឋកិច្ចកំពុងតែរងគ្រោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​ នេសាទកំពុងតែយកចិត្តទុកដាក់ដើម្បីពង្រឹងវិសាលភាពនិងធានានិចលករនៃចរន្តកំណើនតាមរយៈការពង្រឹង​ផលិតកម្មនៃវិស័យកសិកម្មនៅក្នុងប្រទេស ។​

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានធ្វើសកម្មភាពជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី​២៣ ខែ កញ្ញាឆ្នាំ​២០២០ កន្លងទៅនេះ ឯកឧត្តម បានផ្សព្វផ្សាយនូវពូជស្រូវចំនួន ១៧មុខដែលមានសក្តានុពលសម្រាប់ផលិតកម្មដំណាំនេះនៅក្នុងប្រទេស ។​

ឯកឧត្តមបានបញ្ជាក់នៅលើបណ្តាញសង្គមផ្ទាល់របស់ឯកឧត្តមថា ” ថ្ងៃនេះ(ថ្ងៃទី​២៣ ខែ កញ្ញា ឆ្នាំ​២០២០​) អនុញ្ញាតឲ្យខ្ញុំបានជម្រាបជូនបងប្អូនប្រជាកសិករ បានជ្រាបក្នុងការជ្រើសរើសនូវប្រភេទពូជស្រូវ​ចំនួន ១៧ ដែលសមស្របតាមក្សេត្របរិស្ថាននិងលក្ខខណ្ឌដាំដុះ បម្រែបម្រួលអាកាសធាតុ និងទីផ្សារ ព្រមទាំងផ្តល់តម្លៃបន្ថែមជូនដល់អ្នកប្រើប្រាស់ ក្នុងចំណោមប្រភេទពូជស្រូវដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ចេញជូនកសិករប្រើប្រាស់ចំនួន ៤៦ កន្លងមក” ។

តាមការផ្សព្វផ្សាយនោះ​បានឲ្យដឹងថា ពូជស្រូវទំាងនោះ​រួមមាន ដូចជា​ប្រភេទពូជស្រូវ​ខា ១៥ ដោយពូជនេះ​គឺបានបញ្ចេញកាលពីឆ្នាំ​២០១៥ ដោយវាមានអាយុកាលត្រឹមតែពី ៩៥ទៅ​១០៥ ថ្ងៃ​ហើយទិន្នផលវិញ គឺ ពី ៤​ទៅ ៧,៤​តោន នៅក្នុងមួយហិចតា ហើយសំខាន់វាគឺជាពូជស្រូវដែលធននឹងជំងឺប្លាស់​និង សត្វមមាចត្នោត​។​ពូជស្រូវមួយទៀតគឺពូជ ខា​១៦ ដែលបានបញ្ចេញកាលពីឆ្នាំ​២០១៦ ហើយពូជនេះ មានអាយុកាលពី ៩៥​ទៅ ១១០ ថ្ងៃ​ឲ្យផលពី​៤,១​ទៅ ៦,៨ តោននៅក្នុងមួយហិចតា សំខាន់ជាពូជស្រូវដែលធន់នឹងកម្តៅ។ ពូជស្រូវផ្ការំដេង ​ដែលបានបញ្ចេញកាលពីឆ្នាំ​២០០៧ ​ពូជនេះវាច្រើនចេញផ្កានៅពីថ្ងៃទី​១០ ដល់ ២៨ ខែ តុលា ដោយនៅក្នុងមួយហិចតាឲ្យផលពី​៣ទៅ ៦,៥ តោន ហើយជាពូជស្រូវដែលធន់នឹងទឹកជំនន់ និង ដីប្រៃ ហើយបាយវិញគឺមានរស់ជាតិឆ្ងាញ់​និង ក្លិនក្រអូបខ្លាំង ។ ប្រភេទមួយទៀតគឺស្រូវ ផ្កាច័ន្ទសែនសរ ដែលបានបញ្ចេញកាលពីឆ្នាំ​២០០៩ ដោយពេលវេលាចេញផ្កាគឺនៅរង្វង់ពីថ្ងៃទី​២៥ ខែ​តុលា ដល់ ថ្ងៃទី​២ ខែ វិច្ឆិកា ជាមួយនឹងទិន្នផលពី​៣​ទៅ ៥ តោននៅក្នុងមួយហិចតា​ ហើយវាគឺជាពូជស្រូវធន់នឹងជំងឺប្លាស់ ហើយបាយទន់ល្ម​មនិងមានរស់ជាតិឆ្ងាញ់សម្រាប់បរិភោគនៅក្នុងស្រុក ។​

ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំបន្តទៀតថា ប្រភេទពូជស្រូវផ្កាមាលតី ដែលបានបញ្ចេញកាលពីឆ្នាំ​២០១៧ ក៏ជាពូជស្រូវនៅក្នុងជម្រើសមួយដែរសម្រាប់កសិករ ដោយពូជនេះវាចេញផ្កាពីថ្ងៃទី ១៥ ដល់ ៣០ ខែ តុលា​ជាមួយនឹងទិន្នផលពី ៣ទៅ​៥,៥ តោន  ហើយជាពូជស្រូវដែលធន់នឹងទឹកជំនន់ ភាពរាំងស្ងួត និង ការដួលដើម ហើយបាយមានរស់ជាតិទន់ឆ្ងាញ់ ក្លិនក្រអូបស្រាល​។​ សម្រាប់ពូជស្រូវ ខា ៤ វិញ គឺជាប្រភេទស្រូវធ្ងន់ប្រកាន់រដូវ ដែលអ្នកជំនាញបានបញ្ចេញតាំងពីឆ្នាំ​១៩៩៦ មក ហើយវាច្រើនចេញផ្កានៅពីថ្ងៃទី ៨ ដល់​១៥ ខែ វិច្ឆិកា ដែលមានទិន្នផលពី ២,៥ ទៅ ៥ តោន នៅក្នុងមួយហិចតា ហើយជាពូជស្រូវ ធន់មធ្យមនឹងទឹកជំនន់​ ភាពរាំងស្ងួត និង មមាចត្នោត ។​ ប្រភេទស្រូវមួយទៀតគឺប្រភេទស្រូវ ខា​៦​ដែលបញ្ចេញកាលពីឆ្នាំ​១៩៩៦ វាច្រើនចេញផ្កានៅពីថ្ងៃទី​១០ ដល់ ១៥ ខែ​វិច្ឆិកា ជាមួយនឹងទិន្នផលពី ២,៥​ទៅ​៥ តោន ហើយជាពូជស្រូវធន់នឹងទឹកជំនន់និង​មមាចត្នោត ។​ ប្រភេទពូជស្រូវ ខា​៩ ដែលបានបញ្ចេញកាលពីឆ្នាំ​១៩៩៦ ដែលចេញផ្កាពី ថ្ងៃទី​១០ ដល់​១៧ ខែ វិច្ឆិកា  មានទិន្នផល ពី ២,៥​ទៅ ៤,៥ តោន ក៏ជាស្រូវនៅក្នុងការណែនាំ ដោយពូជនេះ គឺធន់នឹងទឹកជំនន់ និង ការដួលដើម ។​

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្សព្វផ្សាយផងដែរថា ប្រភេទពូជស្រូវ​រាំងជ័យដែលបានបញ្ចេញកាលពី ឆ្នាំ​១៩៩៩ ក៏ជាពូជមួយដែលក្រសួងសូមណែនាំផងដែរ ដោយវាច្រើនចេញផ្កានៅពីថ្ងៃទី​៥ ដល់ ១០ ខែ វិច្ឆិកា ជាមួយនឹងទិន្នផលពី​៣,៥​ទៅ ៥,៥ តោននៅក្នុងមួយហិចតា ហើយពូជស្រូវនេះធន់នឹងការដួលដើម​ និង​ជំងឺប្លាស់​ ពិសេសគឺវាគឺជាពូជស្រូវដែលកសិករពេញនិយមដាំដុះនៅលើផ្ទៃដីស្រែក្រោម ដែលមានជាង​៤០ ភាគរយ​នៃស្រែទំនាបរំពឹងទឹកភ្លៀង ។​

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តថា ស្រូវពូជអ៊ីអ៊ែរ៦៦​ដែលបានបញ្ចេញតាំងតែពីឆ្នាំ​១៩៩០ ក៏ជាពូជនៅក្នុងជម្រើសពិចារណាដែរ ដោយវាមានអាយុកាលជាមធ្យមពី ១០៥​ទៅ​១១៥​ថ្ងៃ ជាមួយនឹងទិន្នផលពី ៤​ទៅ ៦,៥ តោន ហើយជាពូជស្រូវធននឹងជំងឺប្លាស់ មមាចត្នោត និង ដង្កូវរូងដើម ។​ ប្រភេទស្រូវ ជលសារ ដែលបានបញ្ចេញកាលពីឆ្នាំ​១៩៩៩​មានរយៈពេលពី ៩៥​ទៅ​១១០ ថ្ងៃ ជាមួយនឹងទិន្នផល​ពី ៤​ទៅ​៦ តោននៅក្នុងមួយហិចតា ក៏គួរតែជាពូជមួយនៅក្នុងជម្រើស ។​ ប្រភេទស្រូវសែនពិដោរ ដែលបានបញ្ចេញ កាលពីឆ្នាំ ២០០២ មានអាយុកាលពី​១១០ ទៅ​១២០ ថ្ងៃ ជាមួយនឹងទិន្នផលពី ៣,៧ ទៅ ៧,៥ តោន​នៅក្នុងមួយហិចតា ក៏ជាពូជមួយដែលធន់នឹងជំងឺប្លាស់​និង​មានក្លិនក្រអូបមធ្យម​។​ ពូជសែនក្រអូប០១ គឺជាពូជ ដែលទើបតែបញ្ចេញកាលពីឆ្នាំ​២០១៩ ពូជនេះអាចឲ្យផលពី ១០៥​ទៅ ១១៥ ថ្ងៃ ជាមួយនឹងទិន្នផល ពី ៣,៩​ទៅ ៤,៩ តោន​ ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្សព្វផ្សាយទៀតថា ប្រភេទស្រូវផ្ការំដួល គឺជាប្រភេទស្រូវកណ្តាលប្រកាន់រដូវ ដោយវាច្រើនចេញផ្កានៅក្នុងរង្វង់ពីថ្ងៃទី​១០ ដល់ ២៨ ខែ តុលា ជាមួយនឹងផលពី ៣​ទៅ ៦,៥ តោន នៅក្នុងមួយហិចតា ជាស្រូវធន់នឹងទឹកជំនន់ និង ដីប្រៃ មានរស់ជាតិឆ្ងាញ់ និងក្លិនក្រអូប ​។​

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា  ដោយឡែក ពូជស្រូវផ្ការមៀតវិញ គឺជាប្រភេទពូជស្រូវ ដែលចេញផ្កានៅចន្លោះពីថ្ងៃទី​១០ ដល់ ២៥ ខែ តុលា ផ្តល់ផលពី ៣​ទៅ ៦,៥ តោន តែជាប្រភេទស្រូវធន់នឹងទឹកជំនន់ ដីប្រែ ហើយវាប្រភេទស្រូវដែលផ្តល់អង្ករមានសារធាតុដែកខ្ពស់​ ហើយគេថាជាអង្ករល្អសម្រាប់មនុស្សចាស់ និង នារីមានផ្ទៃពោះ ។

សម្រាប់ពូជស្រូវ ដំណើបស្បៃមង្គលវិញ វាគឺជាប្រភេទអង្កដែលចេញផ្កានៅចន្លោះពីថ្ងៃទី ១០ និង ២០ ខែ វិច្ឆិកា ជាមួយនឹងទិន្នផលពី ៣,២ តោនទៅ​៥,៥ តោន​ ហើយជាស្រូវធន់នឹងទឹកជំនន់ រាំងស្ងួត ជំងឺប្លាស់​ហើយជាប្រភេទពូជស្រូវ ដំណើបដែលមានលក្ខណៈរូប និងគុណភាពប្រណិត និង មានតម្លៃនៅលើទីផ្សារ​។​ ដោយឡែកប្រភេទស្រូវស្មាច់០២ គឺជាប្រភេទពូជ ដែលចេញផ្កាពី ថ្ងៃទី​២៥ ខែ​វិច្ឆិកា ដល់ ថ្ងៃទី ១០ ខែ ធ្នូ ជាមួយនឹងទិន្នផលពី ៣,២​ទៅ ៤,២ តោន​ ហើយជាប្រភេទពូជស្រូវដែលផ្តល់អង្ករសម្រូបពណ៌ក្រហម សំបូរទៅដោយជាតិសរសៃ សមស្របសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ហើយវាច្រើនដាំនៅតំបន់ ទំនាបរំពឹងទឹកភ្លៀង ។​

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឲ្យប្រជាកសិករអាចនឹងសិក្សាស្វែងយល់បន្ថែមទៀត​ជាមួយនឹងមន្រ្តីនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឈន៍កសិកម្មកម្ពុជា ។​

រហូតមកដល់ពេលនេះ វិស័យកសិកម្មត្រូវបានគេដឹងថា គឺជាប្រភពដ៏ចំបងសម្រាប់ទ្រទ្រងនិងរក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ដោយនៅក្នុងនោះនៅក្នុងរយៈពេលជាង​៨ ខែ​មកនេះ កម្ពុជាបាននាំចេញ ផលិតផលកសិកម្មផ្សេងៗប្រមាណជា ៣,០៣ លានតោននៅក្នុងនោះអង្ករគឺជាប្រភពនាំចេញដ៏សំខាន់​ជាមួយនឹងបរិមាណនាំចេញសរុបប្រមាណជា ៤៦៣.៨០៥ តោន ។​

ដោយផ្អែកលើភាពប្រសើរជាងមុននៃផលិតកម្មវិស័យកសិកម្ម និងការកើនឡើងនៃការនាំចេញផលិតផលមិនមែនសំលៀកបំពាក់ ដូចជា កង់ និង គ្រឿងអេឡិចត្រូនិចនោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដំឡើងតួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០។

ក្នុងសន្និសីទសារព័ត៌មានស្តីពី បច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update) សម្រាប់ឆ្នាំ២០២០ ដែលរៀបចំឡើងនៅទីស្នាក់ការរបស់ស្ថាប័ននេះ ប្រចាំកម្ពុជា ធនាគារនេះបានព្យារកពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០% បើធៀបទៅនឹង -៥.៥% នៃការព្យាករកាលពីខែមិថុនាកន្លងទៅ តែនៅឆ្នាំក្រោយកម្ពុជាត្រូវគេរំពឹងថា នឹងអាចចាប់យកកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៥,៩ ភាគរយវិញ ។ ដោយៈ ហេង បញ្ញា រូបភាពដោយ ក្រសួងកសិកម្ម