លោកជំទាវ ឱ វណ្ណឌី​ន ប្រាប់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ថា កម្ពុជា​បាន​ទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព នូវ​ការរីក​រាលដាល​វីរុស​កូ​វីដ​-១៩

AKP ភ្នំពេញ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ —
​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត មៃ​ឃើ​ល មី​ចា​ឡាក់ (Michael Michalak) អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង​ប្រចាំ​តំបន់ (US-ABC) តាមរយៈ​វីដេអូ​អន​ឡាញ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ដោយបាន​ជម្រាបជូន​ក្រុមប្រឹក្សា​ពី​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​-​កូ​វីដ​១៩​។​

​លោកជំទាវ​វេជ្ជបណ្ឌិត បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន នៃ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បែបនេះ ដោយ​គូសបញ្ជាក់​បន្ថែមថា បើទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ ហើយ​ដែល​រុញឱ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​យ៉ាងណាក្ដី ប៉ុន្តែ​បានស្នើ​ធុរជន អាមេរិក ដែល​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា កុំ​មានការ​ព្រួយបារម្ភ ក្នុង​គ្រា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បន្ថយល្បឿន​នៃ​ការធ្វើកំណែទម្រង់​ផ្សេងៗ និង​ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មីៗ​នៅក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​។ លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏ដូចជា​ក្រុមហ៊ុន​មួយចំនួន ដែលមាន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​យ៉ាង​ល្អប្រសើ​ជាមួយ​ក្រសួងសុខាភិបាល និង​ដែល​កន្លងមក បាន​ជួយ​ដល់​វិស័យ​សុខាភិបាល​ជាច្រើន ជាពិសេស ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​បាន និង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​គូសបញ្ជាក់​ជម្រាប​អង្គប្រជុំ​ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ ចំនួន ២៧៥​ករណី ហើយ​មានតែ ០១​ករណី ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មិនមាន​ករណី​ស្លាប់​ដោយសារ​ជំ​ងឹ​កូ​វីដ​-១៩ នោះទេ​។ ដោយឡែក ក្រសួងសុខាភិបាល​ក៏​មិនទាន់​ឃើញ​មានការ​ចម្លង នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ ចូលក្នុង​សហគមន៍​នៅឡើយ​ដែរ​។ ការគ្រប់គ្រង និង​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​គួរ​ជាទី​មោទនៈ​នេះ គឺ​បានមក​ដោយសារ​ការដឹក​នាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ និង​ដាក់ចេញ​នូវ​វិធានការណ៍​នានា​បាន​ទាន់ពេលវេលា និង​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​របស់​អាជ្ញាធ​រ​ថ្នាក់ក្រោម​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។​

​លើសពីនេះ លោកជំទាវ​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​អាមេរិក​ទាំងអស់ ធ្វើ​អាជីវកម្ម​របស់ខ្លួន​ដោយ​អនុលោម​តាមច្បាប់​ដែលមាន​ជាធរ​មាននៅ​កម្ពុជា ដើម្បី​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​ផលិតផល និង​សេវា​សុខភាព​ដែលមាន​គុណភាព និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ជាមួយ​ក្រសួងសុខាភិបាល ដែលជា​កិច្ចការ​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ដ៏​ច្រេ​ី​ន ក្រោម​ការចង្អុលបង្ហាញ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​។​

​លោកជំទាវ ក៏បាន​ស្នើឱ្យ​តំណាង​ក្រុមហ៊ុន​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​បន្ត​អំពី​កិច្ច​ខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​លើកកម្ពស់​ភា​ព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ជួយ​ទាក់ទាញ វិនិយោគិន​អាមេរិក​មក​ធ្វើការ​វិនិយោគ លើ​វិស័យ​សុខាភិបាល​បន្ថែមទៀត​នៅ​កម្ពុជា ជាពិសេស​លើ​ផ្នែក​បង្កើន​សមត្ថភាព​រប​ស់​មន្ទីរពេទ្យ ការបណ្តុះបណ្តាល និង​ការ​ធ្វេ​ី​ទំនេ​ី​ប​កម្ម​បច្ចេកវិទ្យា​សុខាភិបាល តាមបែប​ឌីជីថល​៕ ដោយ​៖ ផែន រតនៈ​