សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៖ ការអភិវឌ្ឍ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​សម្រាប់​ប្រើប្រាស់​តែ​កងទ័ពជើងទឹក​កម្ពុជា​តែប៉ុណ្ណោះ​

AKP ភ្នំពេញ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បានទទួល​ជួប​សវនាការ​ជាមួយនឹង ឯកឧត្តម ប៉ា ទ្រី​កមូ​ហ្វ៊ី ( W.patric k Murphy ) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តីការគណៈរដ្ឋមន្ត្រី​។
​ ​
​នៅក្នុង​ជំនួប​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងអំណរគុណ​ដល់​សហរ​ដ្ឋ​អាមេរិក​ដែល​រយៈពេល​កន្លងមក​បាន​ជួយ​ហ្វឹកហ្វឺន​ដល់​កងទ័ព​កម្ពុជា​ដូចជា​វិស័យ​ដោះមីន សន្តិសុខ​លំហ​សមុទ្រ សង្គ្រោះ​គ្រោះមហន្តរាយ និង ជំនាញ​បេសកកម្ម រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​។​

​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០០៩-២០១០ សហរដ្ឋអាមេរិក​បាន​ជួយ​សាង​សង់សាលា​ហ្វឹកហ្វឺន​រក្សា​សន្តិភាព ACO នៅ​ខេត្តកំពង់ស្ពឺ ព្រមទាំង​បាន​ផ្តល់នូវ​សម្ភារៈ​មួយចំនួនទៀត និង​ជួយ​គាំទ្រ​ឱ្យ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​លំ​ហាត់​ហ្វឹកហ្វឺន GPOI ឆ្មាំ អង្គរ ២០១០​។ តាមរយៈ​លំ​ហាត់​ហ្វឹកហ្វឺន GPOI នេះ​បានធ្វើឱ្យ​កងទ័ព​កម្ពុជា​ចេញទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព នៅ​បរទេស​កាន់តែ​មានការ​កើនឡើង​។

​សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​ទៀតថា ជោគជ័យ​នៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​កម្ពុជា​គឺ មិនអាច​កាត់ផ្ដាច់​បាន​ពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​ជា​ចុងក្រោយ​ទំនាក់ទំនង​ទ្វេភាគី រវាង​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​អាម៉េរិក មានការ​រអាក់រអួល​ដោយសារ​ព្រឹត្តិការណ៍​នយោបាយ ជាពិសេស​ការ​ប្រឈម​នឹង​វិបត្តិ ជំងឺ​កូ​វីដ​-១៩​។
​ ​
​ក្នុងឱកាស​នោះ​ឯកឧត្តម ប៉ា ទ្រី​កមូ​ហ្វ៊ី (W.patrick Murphy) បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​យោធា​កន្លងមក​រវាង​ក​ង​ទ័ព​ទាំងពីរ​កម្ពុជា និង​សហរដ្ឋអាមេរិក​។ ជាពិសេស​ការចូលរួម​របស់​កម្ពុជា ក្នុង​បេសកកម្ម​រក្សា​សន្តិភាព ដែល​ជាការ​តបស្នង​ទៅនឹង​អង្គការសហប្រជាជាតិ​។ ក្នុងជំនួប​សន្ទនា​នាពេល​នោះ ឯកឧត្តម ប៉ា ទ្រី​កមូ​ហ្វ៊ី ក៏បាន​លើកយក​បញ្ហា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម មក​ពិភាក្សា​ជាមួយ​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ផងដែរ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា មូលដ្ឋាន​កងទ័ពជើងទឹក​រាម​មាន​ទំហំ​តូច ទឹក​រាក់​មិន​ឆ្លើយតប​ទៅនឹង​កប៉ាល់ ឬ នាវា​ធំៗ​ចូល​បាន​។ ដូច្នេះ​ការអភិវឌ្ឍ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ គឺ​សម្រាប់​កងទ័ពជើងទឹក​កម្ពុជា​ប្រើប្រាស់ តែប៉ុណ្ណោះ​។ សម្តេច​បានបញ្ជាក់​ទៀតថា គម្រោងការ​ប្រែក្លាយជា​មូលដ្ឋាន​សមុទ្រ​រាម​ជា​កំពង់ផែ​អន្តរជាតិ​នេះ ត្រូវបានធ្វើ​ការសិក្សា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។ បន្ទាប់ពី​អភិវឌ្ឍន៍​រួច​កំពង់ផែ​នេះ​នឹង​ទទួល​ការចូល​ចត​គ្រប់​នាវា​ទាំងអស់​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បានចែង​ច្បា​ស់គឺ មិន​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។​
​ទាក់ទង​ទៅនឹង​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​អំពី​ការប្រើប្រាស់​មូលដ្ឋាន​កង​ទ័ពជើងទឹក​នៅ​រាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សង្កត់ធ្ងន់ថា ការប្រើប្រាស់​មូលដ្ឋាន​រាម​នេះ​ផ្តាច់​មុខជា​របស់​កម្ពុជា​មិនមែនជា​របស់​ផ្តាច់មុខ របស់​កងទ័ព​បរទេស​នោះទេ​៕ ដោយ សំ សាម៉ន​