លោកជំទាវ សៀង ចាន់​ហេង សន្យា​ជួយ​កសាង​អាគារ​សម្រាក​ព្យាបាល​ជំងឺ ជូន​មន្ទីរពេទ្យបង្អែក​គ្រប់​ខេត្ត ទូទាំងប្រទេស​ឱ្យបាន​ក្នុង​មួយ​ខេត្ត ១​អាគារ​

AKP សៀមរាប ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០
​លោកជំទាវ​ឧកញ៉ា អគ្គ​មហា​ឧបាសិកា​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង បាន​ថ្លែង​នៅ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អាគារ​សម្រាក​ព្យាបាល​ជំងឺ​ទូទៅ​១​ខ្នង នៃ​មន្ទីរ ពេទ្យ​បង្អែក​ខេត្តសៀមរាប ដែល​ត្រូវបាន​ជួសជុល និង​កសាង​ពង្រីក​បន្ថែម នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា មាន​អ្វីៗ​ទាំងអស់​សម្រាប់​ថ្ងៃនេះ​គឺ ដោយសារ​ប្រទេស​មាន សន្តិភាព ការថែរក្សា​សន្តិភាព គឺជា​កត្តា​ចម្បង​សម្រាប់​ការធ្វើដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ ជាតិ ដែល​ទាំងនេះ​គឺជា​កាតព្វកិច្ច​ចូលរួម​នៃ​ប្រជាជន​កម្ពុជា​ទាំងមូល ក្នុង​ធ្លុង​មហា សាមគ្គី​ជាតិ​។​

​លោកជំទាវ​ឧកញ៉ា ក៏បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ផងដែរ​ថា សម្រាប់​លោកជំទាវ​ផ្ទាល់ ការចូលរួម​កសាង​សង្គមជាតិ វិស័យ​សុខាភិបាល គឺជា​គោលដៅ​ដ៏​ធំ​មួយ លោកជំទាវ​បានសម្រេច​ចិត្ត​រួចហើយ​ថា​នឹងត្រូវ​កសាង​ឱ្យបាន​អាគារ​សម្រាក​ព្យាបាល អ្នកជំងឺ ជូន​មន្ទីរពេទ្យបង្អែក​គ្រប់​ខេត្ត​ទូទាំងប្រទេស ក្នុង​មួយ​ខេត្ត ១​អាគារ កម្ពស់​៥​ជាន់​។ គម្រោង​នេះ កំពុង​ត្រូវបាន​អនុវត្តន៍​បាន​ប្រមាណ​ជា​៩៥​ភាគរយ​ហើយ នៅ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ និង​ត្រូវ​បន្តទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។ សម្រាប់​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក៏ត្រូវ​បានទទួល​គម្រោង​នេះដែរ លើ​អាគារ​ដែល​ត្រូវបាន ជួសជុល​កែ លម្អ​កន្លងមក​។​

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​មាន​គ្រែ​អ្នកជំងឺ​ចំនួន​៣៧០​គ្រែ ហើយ​ការប្រើប្រាស់​ជាក់ស្តែង ប្រចាំថ្ងៃ​ក្នុងពេល​បច្ចុប្បន្ននេះ​លើសពី​១០០​ភាគរយ ក្នុងនោះ​ពី​១០ ទៅ ១៥​ភាគរយ នៃ​អ្នកជំងឺ គឺ​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ​។

​លោក​ថា អាគារ​សម្រាក​ព្យាបាល​ជំងឺ ដែល​កំពុង​បើកសម្ពោធ​ដាក់ឱ្យ​ប្រើ ប្រាស់​ជា​ផ្លូវការ​នេះ ពីមុន​មានតែ​ជាន់​ផ្ទាល់​ដី ទំហំ ១៤​ម៉ែត្រ គុណ ១៩​ម៉ែត្រ​ប៉ុណ្ណោះ​។ ក្រោយពី​ការជួសជុល​កសាង​កែលម្អ​ថ្មី​អាគារ​មួយ​នេះ​ត្រូវបាន​កសាង​បន្ថែម​ពីលើ​មួយ​ជាន់​ថ្មី​ទៀត និង​ពង្រីក​បាន​ដល់ ២២​ម៉ែត្រ គុណ ១៩​ម៉ែត្រ ដោយ​ចំណាយ​អស់​ថវិកា ជាង​១៦​ម៉ឺន​ដុល្លារ​។ ក្នុង​មួយ​អាគារ​នេះ ទាំង​ជាន់​ផ្ទាល់​ដី និង​ជាន់​លើ​អាចដាក់​គ្រែ ទទួល​អ្នកជំងឺ​ឱ្យ​សម្រាក​ព្យាបាល​នៅ​ទី​នោះបាន​ចំនួន​១១០​គ្រែ​។​
​ ​
​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា អាគារ​សម្រាក​ព្យាបាល​ដែល​កំពុង​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ពិតជា​ត្រូវ បាន​នាំមក​នូវ​អត្ថប្រយោជន៍​ដ៏​សំខាន់ និង​បាន​ជួយ​បំពេញ​កង្វះខាត​នៃ​មន្ទីរពេទ្យ​ផងដែរ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ គឺជា​ការបើក​លទ្ធភាព​របស់​មន្ទីរពេទ្យ​មួ​យក​ម្រឹត​ទៀត ក្នុងការ​ជួយសង្គ្រោះ​សុខភាព និង​អាយុជីវិត​នៃ​អ្នក​ជម្ងឺ ប្រកបដោយ​សេវា​គុណភាព មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​អ្វី​នោះឡើយ​៕ ដោយ ឃុ​ត សៅ