ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានសុទិដ្ឋិនិយមថា អ្នក​វិនិយោគអា​ម៉េរិ​ក​នឹ​ង​​ម​ក​បណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០–

លោក Alexander Feldman ប្រធាន​ក្រុម​ប្រឹ​ក្សា​ធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានមានសុទិដ្ឋិនិយមថា អ្នកវិនិយោគអាម៉េរិកនឹងមក​ប​ណ្តា​ក់​​​ទុ​នវិ​និយោគបន្ថែមនៅកម្ពុជានាថ្ងៃអនាគត។ នេះបើតា​មផេកក្រុ​មប្រឹក្សាអ​ភិវឌ្ឍ​ន៍ក​ម្ពុ​ជា​។

ក្នុងឱកាសជួបពិភាក្សាការងា​រតាមរ​យៈប្រព័ន្ធ​វីដេ​អូជាមួយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋ​មន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេ​ខា​ធិ​ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃអង្គារ ៥​កើ​ត ខែ​​អ​ស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន​ បានវាយតម្លៃ​ខ្ពស់​ចំ​ពោះ​​ទំ​នា​ក់​ទំ​ន​ងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា-អាម៉េរិក ក្នុងឱកាសខួប៧០ឆ្នាំនៃការភ្ជាប់​ទំនាក់ទំ​ន​ង​កា​រទូតរ​វា​ង​ប្រ​​ទេសទាំងពីរ និងបានសាទរចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភា​គីរ​វាងប្រ​ទេ​ស​​ទាំងពីរ ក្នុង​រ​​យៈ​ពេល៨ខែឆ្នាំ២០២០ដែលបានកើនឡើ​ងប្រមាណ១៧ភាគ​រយបើធៀ​បនឹ​ង​ឆ្នាំ​២០១៩។

លោក ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានបញ្ជាក់ថា«ជា​មួយនឹង​កា​របន្តផ្តល់កិច្ចសហការដ៏ល្អរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុង​កា​រជួយសម្របសម្រួលឆ្លើយតបនូវក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគអាម៉េរិក លោ​ក​ប្រ​​ធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានសុទិដ្ឋិនិយមថាអ្នកវិនិយោគអាម៉េ​រិកនឹ​ង​ម​ក​បណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជានាថ្ងៃអនាគត»។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខា​ធិ​កា​រ​ក្រុ​ម​ប្រឹ​ក្សា​អ​ភិ​វឌ្ឍន៍កម្ពុជា​បានអបអរសាទរដល់ក្រុមហ៊ុនអាម៉េរិកនានាដែ​លបានបង្កើន​ការលក់​នៅក​ម្ពុ​ជា ខណៈដែលកម្លាំងទិញរបស់ប្រជាពលរដ្ឋកម្ពុជា​មានការកើនទ្បើងតាមរយៈកា​រស​ម្រេ​ច​បា​ន​នូវកំណើនសេដ្ឋកិច្ចខ្ពស់នាពេលកន្លងមក។

ឯកឧត្តមបានបន្ថែមថា ​បើទោះបីជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ង​រ​ដល់វិ​ស័យ​ជា​ច្រើ​​​ន​​ក្នុងសេដ្ឋកិច្ច តែវាបានបង្កើតឱកាសដល់ក្រុមហ៊ុនអាម៉េរិកដែលផ្តល់សេវាកម្មអនឡាញ ដូ​ច​ជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាដើម។

ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីវិធានការកំណែទម្រង់នាពេលថ្មីៗរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការដាក់ឱ្យ​ដំណើរការនូវប្រព័ន្ធ​ចុះបញ្ជីធុរកិច្ច​តាមថ្នាល​បច្ចេកវិ​ទ្យាព័​ត៌​មាន ដែលនឹងទាក់ទាញការវិនិយោគពីបរទេស ជាពិសេស ការវិនិយោគពី​ក្រុមហ៊ុ​នអា​ម៉េ​រិ​ក​ប​ន្ថែមទៀត ដែលនឹងពុំគ្រាន់តែនាំមកនូវទុនវិនិយោគប៉ុណ្ណោះទេ តែក៏នឹងនាំម​កនូវប​ច្ចេក​វិ​ទ្យា​ផ​ង​ដែរ។

ឯកឧត្តម សុខ ចិន្តាសោភា ក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងកា​រស្វា​គ​ម​ន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូដែលតែងតែបំពេញទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយនេះជាលើកទី១នៃជំនួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដោយសារការ​រាត​ត្បា​ត​ជា​ស​កលរបស់ជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ជំនួបពិភាក្សាការងារ រវាង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិ​ភូអ​ម​នា​យ​ក​រ​ដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈប្រ​ព័ន្ធវី​ដេអូ​ជាមួ​យ​គ​ណៈ​ប្រ​​តិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Alexander Feldman ប្រ​ធា​ន​​ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាននេះ មា​នកា​រចូ​លរួ​ម​ពី​តំ​ណា​ង​ស្ថា​ន​ទូ​តសហរដ្ឋ​អា​មេរិក​ប្រចាំកម្ពុជាផងដែរ៕

គង់ សិរីរ័ត្ន